ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 50

យញ្ញបូជា​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ
ទំនុក​របស់​លោក​អេសាភ។

1 ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។

2 ព្រះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​ដ៏​មាន សោភ័ណភាព​គ្រប់​លក្ខណ៍។

3 ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​យាង​មក ទ្រង់​មិន​នៅ​ស្ងៀម​ទេ មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នៅ​ព័ទ្ធ​ជុំ‌វិញព្រះ‌អង្គ មាន​ព្យុះ​សង្ឃរា។

4 ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ​នៅ​ខាង​លើ និង​ផែនដី ដើម្បី​ជំនុំ‌ជម្រះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា

5 «ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​យើង ឲ្យ​មក​ជួប​យើង គឺ​ពួក​អ្នក​ដែល​បាន​តាំង​សញ្ញា​ជាមួយ​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា!»

6 ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់

7 ៙ «ម្នាល​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ យើង​នឹង​ពោល ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក យើង​ជា​ព្រះ គឺ​ជា​ព្រះ​របស់​អ្នក។

8 យើង​មិន​មែន​បន្ទោស​អ្នក ដោយ​ព្រោះ​យញ្ញ‌បូជា​ដែល​អ្នក​ថ្វាយ​នោះ​ទេ ឯ​តង្វាយ​ដុត​របស់​អ្នក តែង​តែ​នៅ​ចំពោះ​យើង​ជានិច្ច។

9 យើង​មិន​ទទួល​គោ​ឈ្មោល​ពី​ផ្ទះ​របស់​អ្នក ឬ​ពពែ​ឈ្មោល​ពី​ក្រោលរបស់​អ្នក​ឡើយ។

10 ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។

11 យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។

12 ៙ ប្រសិន‌បើ​យើង​ឃ្លាន យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុងពិភព​នេះជា​របស់​យើង ។

13 តើ​យើងបរិ‌ភោគ​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?

14 ចូរ​ថ្វាយ​យញ្ញបូជា ជា​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​ត្រូវ​លា​បំណន់ ដែល​អ្នក​បាន​បន់ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង។

15 នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។

16 ៙ ប៉ុន្ដែ ចំពោះ​មនុស្ស​អាក្រក់ ព្រះមាន​ព្រះ‌បន្ទូល​ថា «តើ​អ្នក​មាន​សិទ្ធិ​អ្វី​នឹង​សូត្រ​ពី​បញ្ញត្តិ​របស់​យើង ឬពី​សេចក្ដី​សញ្ញា​របស់​យើង ជាប់​នឹង​មាត់​ឯង​ដូច្នេះ?

17 ដ្បិត​អ្នក​ស្អប់​ការប្រៀន​ប្រដៅ ហើយ​ច្រាន​ចោល​ពាក្យ​យើង​ទៅ​ក្រោយ​ខ្នង។

18 ប្រសិន‌បើអ្នក​ឃើញ​ចោរ អ្នក​ក៏​សេព​គប់​ជាមួយ​គេ ហើយ​ចូល​ដៃ​ជា​មួយ​ពួក​ផិត​ក្បត់​ទៀត​ផង។

19 អ្នក​បាន​ប្រគល់​មាត់​របស់​អ្នក ទៅ​បម្រើ​សេចក្ដី​អាក្រក់ ហើយ​អណ្ដាត​អ្នក​តែង​បង្កើត​ចេញ នូវ​ពាក្យ​បោក​ប្រាស់។

20 អ្នក​អង្គុយ​និយាយ​ដើម​បង​ប្អូន​របស់​ខ្លួន អ្នក​និយាយ​បង្កាច់​បង​ប្អូន​ពោះ​មួយ​របស់​អ្នក។

21 អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តែ​យើង​បាន​នៅ​ស្ញៀម អ្នក​ស្មាន​ថា យើង​ក៏​ដូច​តែ​អ្នក​ដែរ តែ​ឥឡូវ​នេះ យើង​បន្ទោស​អ្នក ហើយយក​រឿង​នេះ​មក​ដាក់​នៅ​ចំពោះ​មុខអ្នក។

22 ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​យើង​ហែក​អ្នកឲ្យ​ខ្ទេច ហើយ​គ្មាន​អ្នក​ណា​រំដោះ​បាន។

23 អ្នកណា​ដែល​ថ្វាយពាក្យ​អរ​ព្រះ‌គុណ ទុក​ជា​យញ្ញបូជា អ្នក​នោះ​លើក​តម្កើងយើង ហើយ​យើង​នឹងបង្ហាញការ​សង្គ្រោះ​របស់​ព្រះ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់»។

© 2016 United Bible Societies

Bible Society in Cambodia