ទំនុកតម្កើង 49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ភាពល្ងង់ខ្លៅនៃការទុកចិត្តលើទ្រព្យសម្បត្តិ! ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។ 1 ប្រជាជនទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ 2 គឺទាំងអ្នកធំ ទាំងអ្នកតូច ទាំងអ្នកមាន ទាំងក្រគ្រប់គ្នា 3 មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងសញ្ជឹងគិតតែពី គំនិតដែលត្រឹមត្រូវ។ 4 ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។ 5 ៙ ហេតុអ្វីបានជាខ្ញុំត្រូវភ័យខ្លាចក្នុងគ្រាអាក្រក់ ពេលឃើញអំពើទុច្ចរិតនៃពួកអ្នក ដែលធ្វើទុក្ខបៀតបៀននៅព័ទ្ធជុំវិញខ្ញុំ 6 និងពេលឃើញអស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងអំពីទ្រព្យសម្បត្តិ ដ៏បរិបូររបស់ខ្លួន? 7 ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតខ្លួនបានឡើយ ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ 8 ដ្បិតតម្លៃលោះជីវិត នោះថ្លៃណាស់ គ្មានអ្វីអាចនឹងលោះឲ្យល្មម 9 ដើម្បីឲ្យគេបានរស់នៅរហូត ហើយមិនឃើញរណ្ដៅមរណៈបានឡើយ។ 10 ៙ ដ្បិតគេឃើញហើយថា សូម្បីតែអ្នកប្រាជ្ញក៏ស្លាប់ដែរ មនុស្សល្ងង់ និងមនុស្សខ្លៅវិនាសទៅដូចគ្នា ហើយទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យអ្នកដទៃ។ 11 គេគិតក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅស្ថិតស្ថេរជានិច្ច ទីលំនៅរបស់គេនឹងធន់នៅគ្រប់ជំនាន់ ក៏ដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនទៀតផង។ 12 ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសទៅ។ 13 ៙ នេះហើយជាអនាគតរបស់មនុស្សល្ងង់ខ្លៅ និងអស់អ្នកដែលចូលចិត្ត នឹងគំនិតរបស់គេ។ –បង្អង់ 14 គេដូចជាចៀមដែលតម្រង់ទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់ សេចក្ដីស្លាប់នឹងធ្វើជាគង្វាលរបស់គេ ហើយមនុស្សទៀងត្រង់ នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបកាយរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ។ 15 ប៉ុន្តែ ព្រះនឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលខ្ញុំ។ –បង្អង់ 16 ៙ កុំភ័យខ្លាច ពេលអ្នកណាម្នាក់មានស្ដុកស្ដម គឺនៅពេលដែលភាពរុងរឿងរបស់គេ ចេះតែចម្រើនឡើង។ 17 ដ្បិតកាលគេស្លាប់ទៅ គេមិនអាចយកអ្វីទៅបានទេ ហើយភាពរុងរឿងរបស់គេ នឹងមិនចុះទៅតាមគេដែរ។ 18 ទោះបើអ្នកនោះរាប់ខ្លួនថាមានពរ ក្នុងកាលដែលគេនៅរស់នៅឡើយ ហើយទោះបើមានមនុស្សសរសើរ ពេលគេបានចម្រុងចម្រើនក៏ដោយ 19 ក៏គង់តែនឹងទៅតាមពួកដូនតារបស់ខ្លួន ដែលនឹងលែងឃើញពន្លឺទៀតឡើយ។ 20 មនុស្សដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ ប្រៀបដូចជាសត្វតិរច្ឆានដែលវិនាស។ |
© 2016 United Bible Societies
Bible Society in Cambodia