ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 48

សិរី​ល្អ និងឥទ្ធិឫទ្ធិ​នៃ​ក្រុង​ស៊ីយ៉ូន
ទំនុក​ចម្រៀង​ជា​របស់​កូន​ចៅ​កូរេ។

1 ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង! ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ

2 គឺ​ភ្នំ​ស៊ីយ៉ូន ជា​ទី​ដ៏​ខ្ពស់ ហើយ​ល្អ​ក្រៃ​លែង នៅ​ទិស​ខាង​ជើង គឺ​ជា​ទី​ក្រុង​របស់​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ ជា​ទី​អំណរ​ដល់​ផែនដី​ទាំង​មូល។

3 នៅ​ក្នុង​បន្ទាយ​នៃ​ក្រុង​នោះ ព្រះបាន​សម្ដែងអង្គ​ទ្រង់ ជា​អ្នក​ការ​ពារ​ទី​ក្រុង​នោះ។

4 ៙ ដ្បិត​មើល៍ ស្ដេច​ទាំង​ឡាយ​បាន​លើក​គ្នា ហើយ​នាំ​គ្នា​ឡើង​មក​ព្រម​គ្នា។

5 កាល​គេ​ឃើញ​ទី​ក្រុង​នោះ គេ​ក៏​អស្ចារ្យ​ក្នុង​ចិត្ត គេ​មាន​ចិត្ត​តក់‌ស្លុត គេ​រត់​ចេញ​ទៅ

6 នៅ​ទី​នោះ គេ​កើត​មាន​ចិត្ត​ភ័យ​ញ័រ ហើយ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ដែល​សម្រាល​កូន។

7 ព្រះ‌អង្គ​បាន​បំបែក​នាវា​តើស៊ីស ដោយ​ខ្យល់​ពី​ទិស​ខាង​កើត។

8 កាល​យើង​បាន​ឮ នោះ​យើង​ក៏​បាន​ឃើញ ក្នុង​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង ព្រះ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​រឹង​មាំ​រហូត​ត​ទៅ។ –បង្អង់

9 ៙ ឱ​ព្រះ​អើយ នៅ​កណ្ដាល​ព្រះ‌វិហារ របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​រិះ​គិត អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។

10 ឱ​ព្រះ​អើយ ដូច​ព្រះ‌នាម​ព្រះ‌អង្គ ល្បី​សុស‌សាយ​យ៉ាង​ណា ការ​សរសើរ​តម្កើង​ព្រះ‌អង្គ ក៏​ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី យ៉ាង​នោះ​ដែរ។ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​ពេញ​ដោយ​សេចក្ដី​សុចរិត។

11 គួរ​ឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​រីក​រាយ​ឡើង! សូម​ឲ្យ​ពួក​កូន​ស្រី​ស្រុក​យូដា​បាន​អរ​សប្បាយ ដោយ​ព្រោះ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ!

12 ចូរ​ដើរចុះ​ឡើង​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ ហើយ​រាប់​ចំនួន​ប៉ម​របស់​ទី​ក្រុង​នេះ​មើល

13 ចូរ​ពិចារណា​មើល​កំផែង​ក្រុង​នេះ​ទៅ ហើយ​ពិនិត្យមើលបន្ទាយ​ក្រុង​ផង ដើម្បី​ឲ្យ​អ្នកបានតំណាល​ប្រាប់​មនុស្ស ជំនាន់​ក្រោយ​ថា

14 នេះ​ហើយ​ព្រះ គឺ​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង ជា​រៀង​រហូត​តទៅ។

© 2016 United Bible Societies

Bible Society in Cambodia