ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 46

ព្រះ​ការ‌ពារ​ទីក្រុង និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង ត្រូវ​ច្រៀង​ដោយ​សំឡេង​ស្រួច។

1 ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។

2 ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ

3 ទោះ​បើ​ទឹក​សមុទ្រ​គ្រហឹម ហើយ​ពុះកញ្រ្ជោល ទោះ​បើ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រ ដោយ​រលក​ដោល​ឡើង​ក្ដី។ –បង្អង់

4 ៙ មាន​ទន្លេ​មួយ​ដែល​ព្រែក​ទាំង​ប៉ុន្មាន ហូរ​នាំ​អំណរ​ចូល​មក​ទី​ក្រុង​របស់​ព្រះ គឺ​ជាព្រះ​ដំណាក់​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ។

5 ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ ចាប់​តាំង​ពី​ព្រលឹម​ស្រាង។

6 សាសន៍​ទាំង​ឡាយ​ជ្រួល​ច្របល់ នគរ​នានា​ពពាក់‌ពពូន​ឡើង ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង ហើយ​ផែនដី​ក៏​រលាយ​ទៅ។

7 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់

8 ៙ ចូល​មក ហើយ​មើល​កិច្ច‌ការ ដែល​ព្រះ‌យេហូវ៉ា​ធ្វើ ព្រះ‌អង្គ​បាន​នាំ​ការ​ដ៏​គួរ​ស្ញប់​ស្ញែង មក​នៅ​ផែនដី។

9 ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។

10 «ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

11 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់

© 2016 United Bible Societies

Bible Society in Cambodia