ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 41

ការ​ធានា​អះ​អាង​អំពី​ជំនួយ​របស់​ព្រះ និង​ពាក្យ​ទូល​អង្វរ​សុំ​ការ​ប្រោស​ឲ្យ​ជា
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​ក្រីក្រ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌យេហូវ៉ា​នឹង​រំដោះ​អ្នក​នោះ។

2 ព្រះ‌យេហូវ៉ា​នឹង​ទំនុក​បម្រុង ហើយ​ថែ‌រក្សា​ជីវិត​អ្នក​នោះ អ្នក​នោះ​មាន​ពរ​នៅ​លើ​ផែនដី​នេះ ហើយ​ព្រះ‌អង្គ​មិន​ប្រគល់​គេ ទៅ​ក្នុង​បំណង​ចិត្ត​របស់​ខ្មាំង​សត្រូវ​ឡើយ។

3 ព្រះ‌យេហូវ៉ា​ទ្រ‌ទ្រង់​អ្នក​នោះ ពេល​គេ​ឈឺ​នៅ​លើ​គ្រែ គឺ​ព្រះ‌អង្គ​ប្រោស​គេ ឲ្យ​ជា​សះ​ស្បើយ​ពី​គ្រប់​ជំងឺ​រោគា។

4 ៙ ឯ​ខ្ញុំ​វិញ ខ្ញុំ​ទូល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាប ទាស់​នឹងព្រះ‌អង្គ​ហើយ»។

5 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​អាក្រក់​ពី​ទូល‌បង្គំ​ថា «តើ​ពេល​ណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​វា​ត្រូវ​វិនាស?»

6 កាល​ណា​គេ​មក​សួរ​សុខ​ទុក្ខ​ទូល‌បង្គំ គេ​ពុត​ធ្វើ​ជា​ស្និទ្ធ​ស្នាល​នឹង​ទូល‌បង្គំ ឯ​ចិត្ត​គេ​វិញ គេ​គិត​រក​វិធីបំបាក់​មុខ​ទូល‌បង្គំ លុះ​គេ​ចេញ​ទៅ​ក្រៅ​ហើយ គេ​ក៏​និយាយ​បរិហារ​ពី​ទូល‌បង្គំ។

7 អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ នាំ​គ្នា​ខ្សឹប‌ខ្សៀវ​អំពី​ទូល‌បង្គំ គេ​ប្រឌិត​រឿង​អាក្រក់ទាស់​នឹង​ទូល‌បង្គំ។

8 ៙ គេ​ពោល​ថា «ជំងឺ​មើល​មិន​ជា បាន​រួត​រឹត​វា​ហើយ វា​ដេក​ជាប់​ហើយ មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​វិញ​បាន​ទេ»។

9 សូម្បីតែ​មិត្ត​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ ជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្ត ហើយ​បាន​បរិ‌ភោគ​អាហារ​របស់​ទូល‌បង្គំ ក៏​បាន​លើក​កែង​ជើង​ទាស់នឹង​ទូល‌បង្គំ​ដែរ ។

10 ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​លើក​ទូល‌បង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​ដល់​គេ​វិញ!

11 ៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទូល‌បង្គំ​មែន ព្រោះ​សត្រូវ​របស់​ទូល‌បង្គំ មិន​បាន​ឈ្នះ​ទូល‌បង្គំ​ឡើយ។

12 ប៉ុន្ដែ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំឡើង ដោយ​ព្រោះ​ទូល‌បង្គំ​ទៀង​ត្រង់ ហើយ​ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ ឲ្យ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត។

13 ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន ហើយ​អាម៉ែន។

© 2016 United Bible Societies

Bible Society in Cambodia