ពាក្យអធិស្ឋានអរព្រះគុណសម្រាប់ការប្រោសឲ្យជាពីជំងឺដុនដាបទំនុកតម្កើង។ បទសម្រាប់ច្រៀងនៅពេលឆ្លងព្រះវិហារ។ ទំនុករបស់ស្តេចដាវីឌ។ 1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយពុំបានទុកឲ្យខ្មាំងសត្រូវមានអំណរ ដោយឈ្នះទូលបង្គំឡើយ។ 2 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកព្រះអង្គ ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។ 3 ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រះអង្គបានប្រោសឲ្យទូលបង្គំរស់ឡើងវិញ ចេញពីចំណោមអស់អ្នក ដែលធ្លាក់ចុះទៅក្នុងរណ្តៅ។ 4 ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរច្រៀងសរសើរព្រះយេហូវ៉ា ចូរអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ 5 ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។ 6 រីឯទូលបង្គំ ទូលបង្គំបានពោល ក្នុងគ្រាចម្រុងចម្រើន របស់ទូលបង្គំថា «ទូលបង្គំនឹងមិនត្រូវរង្គើឡើយ»។ 7 ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំ ឈរយ៉ាងរឹងមាំ ដោយព្រះគុណព្រះអង្គ កាលព្រះអង្គបានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានចិត្តតក់ស្លុតជាខ្លាំង។ 8 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែករកព្រះអង្គ គឺទូលបង្គំបានទូលអង្វរព្រះយេហូវ៉ាថា 9 «តើមានប្រយោជន៍អ្វី បើទូលបង្គំស្លាប់ ហើយចុះទៅក្នុងរណ្តៅនោះ? តើធូលីអាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងរៀបរាប់ពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គកើតឬ? 10 ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ ហើយប្រណីសន្ដោសទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមធ្វើជាអ្នកជំនួយដល់ទូលបង្គំផង!» 11 ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ 12 ដើម្បីឲ្យព្រលឹង ទូលបង្គំ បានច្រៀងសរសើរតម្កើងព្រះអង្គ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។ |
© 2016 United Bible Societies
Bible Society in Cambodia