ពាក្យអធិស្ឋានសូមជំនួយ និងពាក្យអរព្រះគុណទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំអើយ ទូលបង្គំស្រែករកព្រះអង្គ សូមកុំព្រងើយនឹងស្ដាប់ទូលបង្គំឡើយ ដ្បិតប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ នោះទូលបង្គំនឹងដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅមិនខាន។ 2 សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលទូលបង្គំទូលអង្វរ ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ កាលទូលបង្គំប្រទូលដៃឆ្ពោះទៅកាន់ ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ។ 3 សូមកុំទាញទូលបង្គំចេញជាមួយមនុស្សពាល ឬជាមួយពួកអ្នកដែលប្រព្រឹត្តអាក្រក់ ជាអ្នកដែលពោលពាក្យ ដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតអាក្រក់នៅក្នុងចិត្តនោះឡើយ។ 4 សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្ត សូមឲ្យគេទទួលតាមអំពើដែលដៃរបស់គេធ្វើ សូមតបស្នងឲ្យសមនឹងទោសរបស់គេ។ 5 ព្រោះគេមិនយកចិត្តទុកដាក់ នឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬនឹងស្នាព្រះហស្តរបស់ព្រះអង្គទេ ព្រះអង្គនឹងរំលំគេ ក៏មិនសង់គេឡើងវិញឡើយ។ 6 ៙ សូមលើកតម្កើងព្រះយេហូវ៉ា! ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទូលអង្វរ។ 7 ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។ 8 ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាទីពួនជ្រកដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។ 9 សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មត៌ករបស់ព្រះអង្គ សូមធ្វើជាគង្វាលដល់គេ ព្រមទាំងបីទ្រគេជារហូតតរៀងទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia