ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 19

អ្វីៗ​សព្វ​សារពើ​ថ្លែង​ពី​សិរី‌ល្អ​របស់​ព្រះ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

2 ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត ឲ្យ​បាន​ដឹង។

3 មិន​មែន​ដោយ​ភាសា ឬ​ពាក្យ​សម្ដី ឬដោយ​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ឡើយ។

4 ប៉ុន្តែ សំឡេង នៃ​របស់​ទាំង​នោះ ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​នៃ​របស់​ទាំង​នោះ លាន់​ឮ​ទៅ​ដល់​ជើង​មេឃ។ នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ

5 ព្រះ​អាទិត្យ​ក៏​ចេញ​មក​ដូច​ជា​កូន​កំលោះ ចេញ​ពី​ក្រឡា​បន្ទំ ក៏​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ យាត្រា​តាម​ផ្លូវ​របស់​ខ្លួន​ដោយ​អំណរ។

6 ព្រះ‌អាទិត្យ​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ត្រាច់​ចរវង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​អ្វី​កំបាំង​ពី​កម្ដៅ​ព្រះ‌អាទិត្យ​បាន​ឡើយ។

7 ៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា

8 ព្រះ‌ឱវាទ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ត្រឹម​ត្រូវ ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ស្អាត​បរិសុទ្ធ ក៏​បំភ្លឺ​ភ្នែក

9 ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ស្អាត​បរិសុទ្ធ ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ វិន័យ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក។

10 សេចក្ដី​ទាំង​នោះ​គួរ​ប្រាថ្នា ចង់​បាន​លើស​ជាង​មាស អើ លើស​ជាង​មាស​សុទ្ធ​ជា​ច្រើន​ទៅ​ទៀត ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់ ស្រក់​ពី​សំណុំ​ផង។

11 មួយ​ទៀត ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​ចេះ​ប្រយ័ត្ន ដោយ‌សារ​សេចក្ដី​ទាំង​នោះ ហើយ​ដែល​កាន់​តាម​នោះ​មាន​រង្វាន់​យ៉ាង​ធំ។

12 តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស​ឆ្គង របស់​ខ្លួន​បាន? សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​ស្អាត​ពី​កំហុស ដែល​លាក់​កំបាំង​ផង។

13 សូម​រាំង‌រា​ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ពី​អំពើ​បាប​ដែល​ធ្វើ​ដោយ​ល្មើស ដែរ សូម​កុំ​ឲ្យ​អំពើ​បាប​នោះ មាន​អំណាច​លើ​ទូល‌បង្គំ​ឡើយ នោះ​ទូល‌បង្គំ​នឹង​បាន​ឥត​សៅ​ហ្មង ហើយ​រួច​ផុត​ពី​អំពើ​រំលង​ដ៏​ធំ។

14 ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia