ការធានាអះអាងអំពីការការពាររបស់ព្រះទំនុកច្រៀងតាមថ្នាក់ 1 ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? 2 ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។ 3 ៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។ 4 មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល ព្រះអង្គនឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។ 5 ៙ ព្រះយេហូវ៉ាជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាជាម្លប់នៅខាងស្តាំអ្នក។ 6 នៅពេលថ្ងៃ អ្នកនឹងមិនត្រូវព្រះអាទិត្យ ធ្វើទុក្ខឡើយ ហើយនៅពេលយប់ ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ។ 7 ៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ 8 ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia