ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ណាហ៊ុម 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ណាហ៊ុម 2

ការ​វិនាស​អន្តរាយ​នៃ​ទីក្រុង​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់

1 សត្រូវ​បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ ចូរ​ការពារ​បន្ទាយ ត្រូវ​យាម​ផ្លូវ ចូរ​ក្រវាត់​ចង្កេះ​ឲ្យ​ខែង‌រ៉ែង ហើយ​ចម្រើន​កម្លាំង​យ៉ាង​សន្ធឹក​ចុះ

2 (ព្រោះ​ព្រះ‌យេហូវ៉ា​កំពុង​តាំង​សេចក្ដី​រុង​រឿង របស់​យ៉ាកុប​ឡើង​វិញ ដូច​ជា​អ៊ីស្រា‌អែល​ដែរ ដ្បិត​ពួកចោរ​ប្លន់​បាន​បំផ្លាញ​ខ្នែង ទំពាំង‌បាយ‌ជូរ​របស់​គេ​អស់)។

3 ខែល​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​គេ ពណ៌​ក្រហម ទា​ហានរបស់​គេ​ស្លៀក‌ពាក់​ពណ៌​ក្រហម​ឆ្អៅ ឯ​រទេះ​ចម្បាំង​ភ្លឺ​ផ្លេកៗ​នៅ​ថ្ងៃ​ដែល​គេ​ប្រមូល​ផ្ដុំ​ទ័ព ទាំង​គ្រវី​លំពែង​ដង​កកោះ។

4 រទេះ​ចម្បាំង​រត់​យ៉ាង​សម្បើម​ទៅ​តាម​ផ្លូវ រត់​ចុះ​ឡើង​តាម​ផ្លូវ មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ។

5 ស្តេច​របស់​គេ​នឹក​រក​អ្នក​ណា ដែល​ស្ទាត់​ជំនាញ​ក្នុង​ពល‌ទ័ព តែ​គេ​ដើរ​ទៅ​ទាំង​ចំពប់​ជើង គេ​ប្រញាប់‌ប្រញាល់​ឡើង​ទៅ​កំផែង​ក្រុង រួច​ក៏​រៀបចំ​ប្រដាប់​បាំង​ខ្លួន។

6 ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏​រលាយ​អស់

7 ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ ពួក​បាវ​បម្រើ​ស្រី​របស់​ព្រះ‌នាង​ក៏​ថ្ងូរ​ដូច​ជា​ព្រាប ទាំង​គក់​ទ្រូង។

8 ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​ស្រះ ដែល​ទឹក​ធ្លាយ​ហូរ​ចេញ​អស់ គេ​ស្រែក​ថា "ឈប់​សិន ឈប់​សិន" តែ​គ្មាន​នរណា​មួយ​បែរ​ក្រោយ​ឡើយ។

9 ចូរ​រឹប​យក​ប្រាក់ មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស។

10 ទី​ក្រុង​នៅ​ទទេ ក៏​‌ខូច‌បង់ មនុស្ស​ក៏​រសាយ​ចិត្ត​ទៅ ជង្គង់​ប្រដំ​គ្នា គ្រប់​គ្នា​ចុក​សៀត​ចង្កេះ ហើយ​មុខ​របស់​គេ​ទាំង​អស់​គ្នា​ក៏​ស្លេក‌ស្លាំង។

11 តើ​រូង​សិង្ហ​នោះ​បាត់​ទៅ​ណា​ហើយ? ប្រៀប​ដូច​ជា​កន្លែង​ដែល​ចិញ្ចឹម​ពួក​សិង្ហ​ស្ទាវ សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ឲ្យ​ដើរ​នៅ​ទី​នោះ ព្រម​ទាំង​កូន​សិង្ហ ឥត​មាន​អ្នក​ណា​បំភ័យ​វា​ឡើយ។

12 ឯ​សិង្ហ​ឈ្មោល វា​តែង‌តែ​ហែក​រំពា​ល្មម​ចម្អែត​កូន ក៏​ខាំ​ក​សត្វ​យក​មក​ឲ្យ​ញី ព្រម​ទាំង​ពាំ​សាច់​សត្វមក​ដាក់ពេញ​ក្នុង​រូង​វា។

13 មើល៍! យើង​ទាស់​នឹង​ឯង យើង​នឹង​ដុត​អស់​ទាំង​រទេះ​ចម្បាំង​របស់​ឯង ឲ្យ​ទៅ​ជា​ផេះ ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ​របស់​ឯង យើង​នឹង​បំបាត់​ការ​ចាប់​រំពា​របស់​ឯង​ពី​ផែនដី ហើយ​សំឡេង​របស់​ពួក​ទូត​ឯង នឹង​ឥត​មាន​អ្នក​ណា​ឮ​ទៀត​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia