ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 27 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 27

ស្តេច​យ៉ូថាម​សោយ​រាជ្យ​លើ​ស្រុក​យូដា

1 ស្តេច​យ៉ូថាម​ឡើង​សោយ​រាជ្យ ក្នុង​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ គាត់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​អ៊ីមុាំ​សាដុក។

2 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អូសៀស​ជា​ឪពុក​ដែរ។ ប៉ុន្តែ ស្តេច​មិន​បាន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា​ទេ។ ពេល​នោះ​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ។

3 ស្តេច​យ៉ូថាម​បាន​សង់​ទ្វារ ដែល​នៅ​ខាង​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង​ត្រង់​អូផែល ឲ្យ​រឹត​តែ​មាំ​ថែម​ទៀត។

4 ស្តេច​បាន​សង់​ក្រុង​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​យូដា ព្រម​ទាំង​សង់​បន្ទាយ និង​ប៉ម​ចាំ​យាម​នៅ​តាម​ព្រៃ​ផង។

5 ស្តេច​បាន​ធ្វើ​សង្គ្រាម​ទល់​នឹង​ស្តេច​ស្រុក​អាំម៉ូន ហើយ​យក​ជ័យ‌ជំនះ​លើ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​បី​តោន ស្រូវ​បី​ពាន់​តោន និង​ពោត​បី​ពាន់​តោន មក​ជូន​ជា​សួយ‌សារ‌អាករ​ដល់​ស្តេច​យ៉ូថាម។ នៅ​ឆ្នាំ​បន្ទាប់ និង​ឆ្នាំ​ទី​បី ពួក​គេ​ក៏​ជូន​បែប​នោះ​ដែរ។

6 ស្តេច​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា​យ៉ាង​ជាប់​លាប់។

7 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូថាម ព្រម​ទាំង​សង្គ្រាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល និង​ស្តេច​ស្រុក​យូដា។

8 នៅ​ពេល​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

9 ស្តេច​យ៉ូថាម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ​វង្ស​នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​អហាស​ជា​កូន ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies