ស្តេចអេសាកែទំរង់សាសនា1 គ្រានោះ រសរបស់អុលឡោះមកសណ្ឋិតលើលោកអសារា ជាកូនរបស់លោកអូដេត។ 2 លោកក៏ចេញទៅជួបស្តេចអេសាហើយជម្រាបថា៖ «សូមជម្រាបស្តេចអេសា ព្រមទាំងកូនចៅយូដា និងកូនចៅពុនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយទ្រង់។ ប្រសិនបើអ្នករាល់គ្នាស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលទ្រង់ នោះទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ។ 3 ក្នុងអំឡុងពេលដ៏យូរលង់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ពិតប្រាកដ គ្មានអ៊ីមុាំសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានហ៊ូកុំដែរ។ 4 ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ពួកគេស្វែងរកទ្រង់ ទ្រង់ក៏ឲ្យពួកគេរកឃើញ។ 5 នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។ 6 ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតអុលឡោះធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។ 7 ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួនមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។ 8 កាលស្តេចអេសាស្តាប់ឮពាក្យទាំងប៉ុន្មាន ដែលណាពីអសារា ជាកូនរបស់លោកអូដេតបានថ្លែង គាត់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលគាត់វាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្តេចជួសជុលអាសនៈរបស់អុលឡោះតាអាឡា ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃដំណាក់របស់អុលឡោះតាអាឡាជាថ្មីឡើងវិញ។ 9 ស្តេចអេសាប្រមូលផ្តុំប្រជាជនយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រអែលមួយចំនួនធំ បានមករួបរួមជាមួយស្តេច ព្រោះពួកគេឃើញថា អុលឡោះតាអាឡាជាម្ចាស់របស់ស្តេច នៅជាមួយគាត់។ 10 ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអេសា។ 11 នៅថ្ងៃនោះ ពួកគេយកសត្វពីចំណោមហ្វូងសត្វដែលពួកគេរឹបអូសបានជាជយភ័ណ្ឌ មកធ្វើជាគូរបានជូនអុលឡោះតាអាឡា គឺមានគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។ 12 ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។ 13 ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្តី ប្រុស ឬស្រីក្តី មិនស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។ 14 ពួកគេនាំគ្នាស្បថចំពោះអុលឡោះតាអាឡាដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។ 15 អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថ យ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកអុលឡោះតាអាឡាដោយចិត្តស្មោះសរ ហើយទ្រង់ក៏ឲ្យពួកគេរកទ្រង់ឃើញ ព្រមទាំងប្រោសប្រទានឲ្យពួកគេបានសុខសាន្តគ្រប់ទិសទី។ 16 ស្តេចអេសាហូតងារជាមហាក្សត្រិយានីពីរាជនីម៉ាកាជាម្តាយ ព្រោះម្តាយបានកសាងរូបគំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ស្តេចអេសាកំទេចរូបដ៏គំរក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។ 17 ប៉ុន្តែ ទោះបីស្តេចស្រឡាញ់អុលឡោះតាអាឡាដោយស្មោះអស់មួយជីវិតក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ 18 ស្តេចនាំជំនូនដែលឪពុករបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងដំណាក់របស់អុលឡោះគឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។ 19 រហូតដល់ឆ្នាំទីសាមសិបប្រាំ នៃរជ្ជកាលស្តេចអេសា ស្រុកគ្មានសង្គ្រាមទេ។ |
© 2014 United Bible Societies, UK.
United Bible Societies