ណាពីអេសេគាលនិមិត្តឃើញសិរីរុងរឿងអុលឡោះសាជាថ្មី1 ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។ 2 អុលឡោះតាអាឡាមានបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាបពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។ 3 ពេលគាត់ទៅដល់ ពួកម៉ាឡាអ៊ីកាត់មានស្លាបស្ថិតនៅខាងស្តាំដំណាក់របស់អុលឡោះ ហើយមានពពកពាសពេញទីលានខាងក្នុង។ 4 សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ឆ្ពោះកាន់មាត់ទ្វារដំណាក់របស់អុលឡោះ។ មានពពកនៅពេញហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។ 5 សន្ធឹកស្លាបរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចសំឡេងរបស់អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ 6 អុលឡោះតាអាឡាបង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាបមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។ 7 ពេលនោះ ម៉ាឡាអ៊ីកាត់មានស្លាបមួយលូកដៃទៅកាន់ភ្លើង ដែលកំពុងឆេះនៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយយកភ្លើងហុចទៅឲ្យបុរសនោះ។ គាត់ក៏ទទួលយក រួចចេញទៅ។ 8 នៅក្រោមស្លាបរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។ 9 ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកម៉ាឡាអ៊ីកាត់មានស្លាប គឺនៅក្បែរម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។ 10 កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។ 11 ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ម៉ាឡាអ៊ីកាត់មានស្លាបបែរទៅគេ ដោយឥតងាករេឡើយ។ 12 រូបកាយរបស់ម៉ាឡាអ៊ីកាត់មានស្លាបទាំងមូល គឺខ្នង ដៃ ស្លាប មានភ្នែកពាសពេញ ហើយតាមរង្វង់កង់របស់ម៉ាឡាអ៊ីកាត់មានស្លាបទាំងបួនក៏មានភ្នែកពាសពេញដែរ។ 13 ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។ 14 ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន។ មុខទីមួយដូចមុខម៉ាឡាអ៊ីកាត់មានស្លាប មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ 15 ពួកម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។ 16 ពេលម៉ាឡាអ៊ីកាត់មានស្លាបទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលម៉ាឡាអ៊ីកាត់មានស្លាបទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។ 17 ពេលម៉ាឡាអ៊ីកាត់មានស្លាបឈប់ កង់ក៏ឈប់ ពេលម៉ាឡាអ៊ីកាត់មានស្លាបឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។ 18 សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីមាត់ទ្វារដំណាក់ ទៅសណ្ឋិតលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ 19 ខ្ញុំឃើញម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលសណ្ឋិតនៅលើម៉ាឡាអ៊ីកាត់មានស្លាប ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃដំណាក់របស់អុលឡោះតាអាឡា។ 20 ពេលនោះ ខ្ញុំដឹងថាសត្វលោកដែលខ្ញុំបានឃើញនៅក្រោមអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក្បែរទន្លេកេបារ គឺម៉ាឡាអ៊ីកាត់មានស្លាបនេះឯង។ 21 ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។ 22 ម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះមានមុខដូចសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗហើរទៅមុខយ៉ាងត្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies