1 សូមទ្រង់ហែកផ្ទៃមេឃ ហើយចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ កិត្តិនាមរបស់ទ្រង់។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ ចំពោះទ្រង់។ 2 ពេលទ្រង់សំដែងអំណាចដ៏អស្ចារ្យ ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ គឺនៅពេលទ្រង់ចុះមក ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់ពុំខាន។ 3 តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ម្ចាស់ណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើទ្រង់ឡើយ គឺមានតែទ្រង់ប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។ 4 ទ្រង់តែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ទ្រង់។ ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ ទ្រង់នឹងសង្គ្រោះយើងខ្ញុំ។ ផ្ទុយទៅវិញ ទ្រង់ខឹង នៅពេលណាយើងខ្ញុំងាកចេញពី មាគ៌ារបស់ទ្រង់។ 5 យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹង ស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។ 6 គ្មាននរណាម្នាក់អង្វររកនាមទ្រង់ទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងទ្រង់ឡើយ ដ្បិតទ្រង់បានលាក់មុខនឹងយើងខ្ញុំ ទ្រង់បណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ 7 ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ជាបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយទ្រង់ដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាដៃ របស់ទ្រង់។ 8 ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។ 9 ក្រុងដ៏វិសុទ្ធនានារបស់ទ្រង់ ក្លាយទៅជាទីស្ងាត់ជ្រងំ ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។ 10 ម៉ាស្ជិទដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា សរសើរតម្កើងនាមរបស់ទ្រង់ បានត្រូវភ្លើងឆាបឆេះអស់ អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង ក៏ត្រូវវិនាសដែរ។ 11 ឱអុលឡោះតាអាឡាអើយ ពេលទ្រង់មើលឃើញដូច្នេះ តើទ្រង់នៅស្ងៀមកើតឬ? តើទ្រង់ធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ អាម៉ាស់ងើបមុខមិនរួចឬ? |
© 2014 United Bible Societies, UK.
United Bible Societies