អំពើបាបរបស់ប្រជាជន1 កុំនឹកស្មានថា អុលឡោះតាអាឡាមានបារមីទន់ខ្សោយ ពុំអាចសង្គ្រោះអ្នករាល់គ្នាបាននោះឡើយ ហើយកុំនឹកស្មានថា ទ្រង់មានត្រចៀកធ្ងន់ ស្ដាប់មិនឮនោះដែរ! 2 តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ ដែលខណ្ឌអ្នករាល់គ្នាពីអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា អំពើបាបរបស់អ្នករាល់គ្នា ធ្វើឲ្យទ្រង់លាក់មុខ មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា 3 ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម ម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិត មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរ និងនិយាយបរិហារគេ។ 4 ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។ 5 គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។ 6 អ្នករាល់គ្នារៀបចំគម្រោងការ ដូចត្បាញសំបុកពីងពាង ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់ បិទបាំងកាយបានឡើយ។ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។ 7 ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ ប្រព្រឹត្តអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត អ្នករាល់គ្នាទៅទីណា ទីនោះនឹងត្រូវវិនាសហិនហោច។ 8 អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក សេចក្ដីសុខសាន្តទេ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច អ្នកដែលដើរតាមផ្លូវរបស់អ្នក នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។ ប្រជារាស្ត្ររបស់អុលឡោះតាអាឡាទទួលស្គាល់កំហុស9 ហេតុនេះហើយបានជាទ្រង់មិនប្រញាប់ នឹងរកយុត្តិធម៌ឲ្យយើង ទ្រង់ក៏មិនសង្គ្រោះយើងភ្លាមៗដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញយើងបែរជាដើរក្នុងយប់អន្ធការ។ 10 យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ តាមជញ្ជាំង យើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែក យើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ ទោះបីយើងមានសុខភាពល្អក្ដី ក៏យើងដូចជាមនុស្សស្លាប់ដែរ។ 11 យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។ យើងសង្ឃឹមថាអុលឡោះរក យុត្តិធម៌ឲ្យយើង តែទ្រង់មិនរកឲ្យទេ! យើងរង់ចាំអុលឡោះសង្គ្រោះ តែទ្រង់នៅឆ្ងាយពីយើង!។ 12 អុលឡោះអើយ! យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន ចំពោះទ្រង់ អំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំ អំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ច យើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។ 13 យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត និងក្បត់អុលឡោះតាអាឡា ហើយងាកចេញឆ្ងាយពីម្ចាស់របស់យើងខ្ញុំ យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ ព្រមទាំងការបះបោរប្រឆាំងនឹងទ្រង់ ជាពាក្យសំដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។ 14 ហេតុនេះហើយបានជាទ្រង់មិនរកយុត្តិធម៌ ឲ្យយើងខ្ញុំទេ ទ្រង់ក៏មិនសង្គ្រោះយើងខ្ញុំដែរ ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ គ្មានសេចក្ដីពិតទេ យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។ 15 សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់ ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។ អុលឡោះតាអាឡាបានមើលការទាំងនេះ ហើយយល់ឃើញថាសុទ្ធតែអាក្រក់ គឺគ្មានយុត្តិធម៌ទាល់តែសោះ។ 16 ទ្រង់មើលឃើញថាគ្មាននរណាម្នាក់អើពើ ហើយទ្រង់សោកស្ដាយ ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល ទ្រង់ក៏មកសង្គ្រោះ ដោយអំណាចរបស់ទ្រង់ និងសំអាងលើសេចក្ដីសុចរិតរបស់ទ្រង់។ 17 ទ្រង់យកសេចក្ដីសុចរិតរបស់ទ្រង់ ធ្វើជាអាវក្រោះ ទ្រង់យកការសង្គ្រោះធ្វើជាមួកដែក ទ្រង់យកការសងសឹកធ្វើជាសំពត់ និងយកចិត្តប្រច័ណ្ឌធ្វើជាអាវវែង។ 18 ទ្រង់ដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ទ្រង់ដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ទ្រង់ដាក់ទោសដែរ។ 19 ពេលនោះ ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច មនុស្សម្នានឹងកោតខ្លាចនាមអុលឡោះតាអាឡា និងសិរីរុងរឿងរបស់ទ្រង់ ដ្បិតទ្រង់នឹងមកដូចទឹកទន្លេ ត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។ 20 អុលឡោះនឹងមកលោះក្រុងស៊ីយ៉ូន និងលោះប្រជាជនក្នុងចំណោមកូនចៅ របស់យ៉ាកកូបដែលលះបង់អំពើទុច្ចរិត - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 21 អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: រសរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសបន្ទូលរបស់យើងចាប់ពីពេលនេះរហូតអស់កល្បតទៅ។ យើងនឹងមិនដកបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies