ការតមអាហារដែលអុលឡោះតាអាឡាពេញចិត្ត1 អុលឡោះតាអាឡាមានបន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជាជនរបស់យើងឲ្យ ស្គាល់ការបះបោររបស់ខ្លួន ចូរប្រាប់កូនចៅយ៉ាកកូប ឲ្យស្គាល់អំពើបាបរបស់គេផង! 2 រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ហ៊ូកុំម្ចាស់របស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ 3 ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើទ្រង់មិនមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើទ្រង់មិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។ 4 អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូរអាអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។ 5 អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ ស្មានថាយើងពេញចិត្តឬ? អ្នករាល់គ្នាអោនក្បាល ដូចដើមកក់ត្រូវខ្យល់បក់ អ្នករាល់គ្នាក្រាបលើបាវ និងអង្គុយលើផេះបែបនេះ ស្មានថាជា ការតមអាហារដែលគាប់ចិត្តយើងឬ? 6 ការតមអាហារដែលគាប់ចិត្តយើង គឺត្រូវដោះលែងអ្នកទោស ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌ ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន ឲ្យមានសេរីភាពឡើងវិញ ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។ 7 ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជំរក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។ 8 បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡា ក៏ស្ថិតនៅពីក្រោយអ្នកដែរ។ 9 ប្រសិនបើអ្នកស្រែកអង្វរ អុលឡោះតាអាឡានឹងស្តាប់អ្នក។ បើអ្នកស្រែកហៅទ្រង់ នោះទ្រង់នឹងមានបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ 10 ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន យកទៅឲ្យអ្នកដែលស្រេកឃ្លាន ប្រសិនបើអ្នកយកម្ហូបអាហារ ទៅចំអែតមនុស្សទុគ៌ត នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ ដូចពន្លឺថ្ងៃត្រង់ដែរ។ 11 អុលឡោះតាអាឡានឹងដឹកនាំអ្នកជានិច្ច ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី ក៏ទ្រង់ប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនច្បារ ដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ 12 អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ គេនឹងដាក់ឈ្មោះអ្នកថា “អ្នកជួសជុលកំពែងធ្លុះធ្លាយ អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ”។ 13 ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃឈប់សម្រាក ប្រសិនបើអ្នកមិនស្វែងរកកំរៃ នៅថ្ងៃដ៏វិសុទ្ធរបស់យើង ប្រសិនបើអ្នកចាត់ទុកថ្ងៃឈប់សម្រាក ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន គឺមិនរកស៊ី មិនរកកំរៃ និងមិននិយាយតថ្លៃនោះទេ 14 អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកសប្បាយរីករាយ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី យើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយ ក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកកូប ជាបុព្វបុរសរបស់អ្នក»។ នេះជាបន្ទូលដែលចេញមកពី អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies