Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 58:11 - អាល់គីតាប

11 អុលឡោះ‌តាអាឡា​នឹង​ដឹក​នាំ​អ្នក​ជា‌និច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដី ក៏​ទ្រង់​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌យេហូវ៉ា​នឹង​នាំ​ផ្លូវ​អ្នក​ជា‌និច្ច ហើយ​ចម្អែត​ព្រលឹង​អ្នក​នៅ​ក្នុង​ទី​ហួត‌ហែង ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​បាន​មាំ‌មួន អ្នក​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជានិច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចំអែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួត‌ហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំ‌មួន ឯង​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ

សូមមើលជំពូក ចម្លង




អេសាយ 58:11
35 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​កើត​ទុរ្ភិក្ស ទ្រង់​រំដោះ​អ្នក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ទ្រង់​រំដោះ​អ្នក​ពី​មុខ​ដាវ។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន​ អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ទាំង​អស់។


ដ្បិត​ទ្រង់​បាន​ប្រទាន​ទឹក ឲ្យ​អ្នក​ដែល​ស្រេក ហើយ​ប្រទាន​អាហារ​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ឃ្លាន។


ទ្រង់​នាំ​មនុស្ស​មាន​ចិត្ត​សុភាព ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត ទ្រង់​បង្រៀន​គេ​ឲ្យ​ស្គាល់ ចិត្ត​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។


ទ្រង់​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។


នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។


«អុលឡោះ​ពិត​ជា​ម្ចាស​របស់​យើង អស់‌កល្ប​ជា‌និច្ច ហើយ​ទ្រង់​ជា​ម្ចាស់​ដឹក​នាំ​យើង ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។


ទ្រង់​ដឹក​នាំ​ខ្ញុំ​ឲ្យ​ដើរ តាម​បំណង​របស់​ទ្រង់ ហើយ​នៅ​ទី​បញ្ចប់ ទ្រង់​នឹង​ទទួល​ខ្ញុំ នៅ​ក្នុង​សិរី‌រុង‌រឿង​របស់​ទ្រង់។


ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា‌និច្ច នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​អុលឡោះ នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជា‌និច្ច។


មនុស្ស​មាន​ចិត្ត​សទ្ធា​តែងតែ​បាន​ចំរុង‌ចំរើន រីឯ​អ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។


សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សម្រេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។


អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា តែងតែ​បាន​ចំរើន​ឡើង។


ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។


អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់ និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។


មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ គេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជំរក គេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់ ឥត​ខ្វះ​អ្វី​ឡើយ។


ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។ យើង​ជាអុលឡោះ‌តាអាឡា​នឹង​ឆ្លើយ​តប​ចំពោះ ពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។


កូន​ចៅ​របស់​អ្នក​នឹង​ចំរើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។


ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​អុលឡោះ​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ទ្រង់​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។


យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់ តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយ យើង​នឹង​ដឹក​នាំ​គេ ព្រម​ទាំង​សំរាល​ទុក្ខ​ប្រជា‌ជន ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។


ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ វា​មិន​ខ្លាច​កំដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជា‌និច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។


ពួក​គេ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិ ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន ដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។


ពួក​គេ​នឹង​ពោល​ថា ស្រុក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រឡប់​ជា​មាន​សោភណ‌ភាព​ដូច​សួន​ឧទ្យាន​អេដែន ក្រុង​ដែល​បាក់​បែក ហើយ​ស្ងាត់​ជ្រងំ​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ ដោយ​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​មាន​ប្រជា‌ជន​រស់​នៅ​ផង។


យើង​បាន​ថែ​ទាំ​អ្នក​នៅ​វាល​រហោ‌ស្ថាន នៅ​លើ​ទឹក​ដី​ហួត‌ហែង។


កាល​ណា​រស‌អុលឡោះ​ជា​រស​នៃ​សេចក្ដី​ពិត​មក​ដល់ ទ្រង់​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ជំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​រស‌អុលឡោះ​ថ្លែង មិន​ចេញ​មក​ពី​រស‌អុលឡោះ​ផ្ទាល់​ទេ គឺ​ទ្រង់​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ព្រម​ទាំង​ថ្លែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។


រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឲ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​មក​ស្រាប់»។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​ជន​ក្រី​ក្រ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។


សូម​អុលឡោះ​ផ្ទាល់​ជា​បិតា​របស់​យើង និង​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​រៀប‌ចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង​ប្អូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម