ភាគទីបី បន្ទូលសន្យា អុលឡោះចាត់ទុកសាសន៍ដទៃជាប្រជារាស្ដ្ររបស់ទ្រង់ដែរ1 អុលឡោះតាអាឡាមានបន្ទូលថា៖ ចូរប្រព្រឹត្តតាមយុត្តិធម៌ និងកាន់តាមសេចក្ដីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ យើងក៏សំដែងសេចក្ដីសុចរិតរបស់យើងដែរ។ 2 មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃឈប់សម្រាបានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន! 3 ជនបរទេសដែលជាប់ចិត្តនឹងអុលឡោះតាអាឡា មិនត្រូវពោលថា “អុលឡោះតាអាឡាមុខជាញែកខ្ញុំ ចេញពីប្រជាជនរបស់ទ្រង់!” រីឯមនុស្សកំរៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។ 4 ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ «បើមនុស្សកំរៀវណាគោរពថ្ងៃឈប់សម្រា បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង 5 នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។ 6 រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង សុខចិត្តដាក់ខ្លួនធ្វើជាអ្នកបម្រើរបស់យើង គោរពថ្ងៃឈប់សម្រាកបានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង 7 នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងទូរអា យើងនឹងទទួលគូរបានដុត ព្រមទាំងគូរបានផ្សេងៗដែលគេយកមក ជូននៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់ទូរអា។ 8 អុលឡោះតាអាឡាជាម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា ទ្រង់មានបន្ទូលថា: យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ ថែមទៀត។ បន្ទូលបន្ទោសអ្នកបោះបង់ជំនឿ និងអ្នកថ្វាយបង្គំព្រះក្លែងក្លាយ9 សត្វស្រុក និងសត្វព្រៃទាំងអស់អើយ ចូរនាំគ្នាមកស៊ីចំណី! 10 តួនរបស់ជនជាតិអ៊ីស្រអែល សុទ្ធតែជាមនុស្សខ្វាក់ គេមិនយល់អ្វីទាំងអស់។ អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស គឺចេះតែដេករវើរវាយ និងចូលចិត្តងោកងុយ។ 11 អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី ហើយមិនចេះស្កប់ស្កល់ទេ។ ពួកគេជាមេដឹកនាំ តែមិនចេះគិតពិចារណាអ្វីទាំងអស់ ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន ហើយគិតតែពីស្វែងរកផលប្រយោជន៍ របស់ខ្លួនប៉ុណ្ណោះ។ 12 គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។ |
© 2014 United Bible Societies, UK.
United Bible Societies