ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 51 - អាល់គីតាប អាល់គីតាប
អេសាយ 51

អុលឡោះ‌តាអាឡា​រំដោះ​ពូជ‌ពង្ស​ណាពី​អ៊ីព្រហ៊ីម

1 អស់​អ្នក​ដែល​ខិត‌ខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រកអុលឡោះ‌តាអាឡា​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ទ្រង់​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ទ្រង់​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា?

2 “ចូរ​រំពឹង​គិត​ពី​អ៊ីព្រហ៊ីម ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។ ពេល​យើង​ហៅ​អ៊ីព្រហ៊ីម​មក គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។ យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅ កើន​ចំនួន​ឡើង​ជា​ច្រើន”។

3 មែន​ហើយ! អុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ទ្រង់​សំរាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សំរែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចំរៀង​អរគុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។

4 ប្រជា‌ជន​របស់​យើង​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​យើង! ប្រជា‌ជាតិ​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង! ដ្បិត​យើង​នឹង​បង្កើត​ហ៊ូកុំ យើង​នឹង​ឲ្យ​ការ​វិនិច្ឆ័យ​ហូរ​ចេញ​មក ជា​ពន្លឺ​បំភ្លឺ​ប្រជា‌ជន​ទាំង‌ឡាយ។

5 សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយ ការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរ យើង​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​នានា ដោយ​បារមី​របស់​យើង មនុស្ស‌ម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើង ពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។

6 ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃ រួច​ក្រឡេក​មើល​មក​ផែនដី​នេះ ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែង ផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត តែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​សាប‌សូន្យ​ឡើយ។

7 អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ហ៊ូកុំ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។

8 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស ដូច​សម្លៀក‌បំពាក់ និង​រោម​ចៀម ត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញ តែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

9 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​អំណាច! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ អំណាច​ទ្រង់ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។

10 ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួត ទ្រង់​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅ ប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែល ទ្រង់​បាន​លោះ ដើរ​ឆ្លង​កាត់។

11 ពួក​ឈ្លើយ​សឹក​ដែលអុលឡោះ‌តាអាឡា​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។

12 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។

13 អ្នក​ភ្លេចអុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក គឺ​ទ្រង់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​បាន​ឡើយ។

14 បន្តិច​ទៀត​អ្នក​ជាប់​ឃុំ‌ឃាំង​នឹង​មាន​សេរី‌ភាព គេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេ គេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។

15 យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​ធ្វើ​ឲ្យ​សមុទ្រ​កក្រើក ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​រលក​បក់​បោក យើង​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

16 យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។

17 យេរូ‌សាឡឹម​អើយ ចូរ​ភ្ញាក់​រលឹក ចូរ​ក្រោក​ឡើង! អ្នក​បាន​ផឹក​ពី​ពែង​នៃ​កំហឹង​ដ៏​ខ្លាំង របស់អុលឡោះ‌តាអាឡា អ្នក​បាន​ផឹក​កំហឹង​ពី​ពែង​នេះ រហូត​ដល់​តំណក់​ចុង​ក្រោយ គឺ​រហូត​ដល់​បាត់​ស្មារតី!

18 ក្នុង​ចំណោម​កូន​ចៅ​ដែល​កើត​ចេញ​ពី​អ្នក​មក គ្មាន​នរណា​ម្នាក់​ដឹក​នាំ​អ្នក​សោះ ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​ចិញ្ចឹម គ្មាន​នរណា​ម្នាក់​ជួយ​ឧបត្ថម្ភ​អ្នក​វិញ​ទេ។

19 ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មាន ចំពោះ​អ្នក​ផ្ទួនៗ​គ្នា គឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទី ទុរ្ភិក្ស និង​សង្គ្រាម តែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នក គ្មាន​នរណា​សំរាល​ទុក្ខ​អ្នក​សោះ។

20 កូន​ចៅ​របស់​អ្នក​ដួល​ដេក​នៅ​តាម​ដង​ផ្លូវ ពួក​គេ​កំរើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់ ព្រោះអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ពួក​គេ ម្ចាស់​របស់​អ្នក​គំរាម​កំហែង​ពួក​គេ។

21 ហេតុ​នេះ​ក្រុង​ដែល​រង​ទុក្ខ​វេទនា​អើយ ចូរ​ស្ដាប់​ចុះ! អ្នក​ស្រវឹង​តែ​មិន​មែន​ស្រវឹង​ដោយ​ផឹក​ស្រា​ទេ!

22 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក គឺ​ម្ចាស់​ដែល​តែងតែ រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ថា: យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី អ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹង របស់​យើង​ទៀត​ហើយ។

23 យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក ផឹក​ពី​ពែង​នេះ​វិញ។ គឺ​ពួក​នោះ​ដែល​ធ្លាប់​ពោល​មក​អ្នក​ថា “ក្រាប​ចុះ ទុក​ឲ្យ​យើង​ដើរ​លើ​ខ្នង​ឯង!” ពេល​នោះ អ្នក​ក៏​ក្រាប​ចុះ ធ្វើ​ដូច​ដី និង​ដូច​ផ្លូវ​ដែល​គេ​ដើរ​ជាន់។

© 2014 United Bible Societies, UK.

United Bible Societies