ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេម៉ុស 6 - អាល់គីតាប អាល់គីតាប
អេម៉ុស 6

ការ​ដាក់​ទោស​ពួក​អ្នក​មាន និង​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល

1 អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់ នៅ​ក្រុង​ស៊ីយ៉ូន និង​អស់​អ្នក​ដែល​រស់​យ៉ាង​សុខ​ស្រួល នៅ​លើ​ភ្នំ​សា‌ម៉ារី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​រាល់​គ្នា​ជា​ប្រមុខ​នៃ​ប្រជា‌ជាតិ​ដ៏​សំខាន់ ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ពូជ‌ពង្ស​អ៊ីស្រ‌អែល​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​បង្អែក។

2 ចូរ​នាំ​គ្នា​ទៅ​កាល់‌ណេ ហើយ​សង្កេត​មើល​ចុះ ចូរ​ទៅ​រហូត​ដល់​ក្រុង​ហា‌ម៉ាត់​មហា​នគរ រួច​ចុះ​ទៅ​ក្រុង​កាថ ក្នុង​ស្រុក​ភីលី‌ស្ទីន! តើ​ក្រុង​ទាំង​នោះ​ចំរុង‌ចំរើន​ជាង នគរ​របស់​អ្នក​រាល់​គ្នា​ឬ? តើ​ទឹក​ដី​របស់​គេ​ធំ​ទូលាយ​ជាង​ទឹក​ដី របស់​អ្នក​រាល់​គ្នា​ឬ?

3 អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល កុំ​ឲ្យ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យ រាជ្យ​ដ៏​ឃោរ‌ឃៅ​កាន់​តែ​ខិត​ចូល​មក​ជិត។

4 អ្នក​រាល់​គ្នា​សម្រាក​នៅ​លើ​គ្រែ​រចនា​ដោយ​ភ្លុក អ្នក​រាល់​គ្នា​ទំរេត​យ៉ាង​ច្រអូស​នៅ​លើ​កំរាល​ព្រំ បរិភោគ​សាច់​ចៀម និង​កូន​គោ​បំប៉ន។

5 អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡា ទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ទត។

6 អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗ អ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃ តែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាស របស់​កូន​ចៅ​យូសុះ​ទេ។

7 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។

8 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​យ៉ាកកូប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

9 ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ​នៅ​សេស‌សល់​មនុស្ស​ដប់​នាក់ គេ​មុខ​ជា​ត្រូវ​ស្លាប់​ទាំង​ដប់​នាក់។

10 ពេល​នរណា​ម្នាក់​យក​សាក‌សព​សាច់‌ញាតិ​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​បូជា គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ខាង​ក្នុង​ផ្ទះ​ថា «តើ​មាន​នរណា​នៅ​ជា​មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​មក​វិញ​ថា «គ្មាន​ទេ»។ គាត់​ក៏​ពោល​ទៀត​ថា «កុំ​មាត់​ក​អី!»។ គ្មាន​នរណា​អង្វរ​រក​នាមអុលឡោះ‌តាអាឡា​ទេ!

11 អុលឡោះ‌តាអាឡា​ចេញ​បញ្ជា នោះ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​រលំ​បាក់​បែក​អស់ សូម្បី​តែ​ផ្ទះ​តូចៗ​ក៏​ខ្ទេច‌ខ្ទី​អស់​ដែរ។

12 តើ​គេ​ដែល​បំបោល​សេះ​លើ​ផ្ទាំង​ថ្ម ឬ​យក​គោ​ទៅ​ភ្ជួរ​លើ​ផ្ទាំង​ថ្ម​នោះ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ជា​មាន​ជាតិ​ពិស និង​ឲ្យ​ច្បាប់​ទម្លាប់​មាន​ជាតិ​ពុល​ដូច្នេះ?

13 អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ដណ្ដើម​យក​បាន ក្រុង​ឡូដា‌បា ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “ពួក​យើង​វាយ​យក​បាន​ក្រុង​កាណា‌អ៊ីម ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​ពួក​យើង”

14 ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​មួយ​ងើប​ឡើង សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ចាប់​តាំង​ពី ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​ស្ទឹង​អារ៉ាបា -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

© 2014 United Bible Societies, UK.

United Bible Societies