អេម៉ុស 7 - អាល់គីតាបនិមិត្តហេតុអស្ចារ្យអំពីការវិនាសរបស់អ៊ីស្រអែល 1 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅជូនស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។ 2 កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំជម្រាបថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមអត់ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រអែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ 3 អុលឡោះតាអាឡាដូរចិត្ត ហើយមានបន្ទូលថា៖ «ហេតុការណ៍នេះនឹងមិនកើតមានទេ!»។ 4 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: ទ្រង់បានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកអ៊ីស្រអែលហួតហែង។ 5 ខ្ញុំជម្រាបថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រអែលតូចណាស់ធ្វើម្ដេចនឹងឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ 6 អុលឡោះតាអាឡាដូរចិត្ត ហើយមានបន្ទូលថា៖ «ហេតុការណ៍នេះ ក៏នឹងមិនកើតមានដែរ»។ 7 ទ្រង់បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺអុលឡោះជាម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ទ្រង់កាន់ខ្សែកូនតឹងមួយ។ 8 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំជម្រាបថា «ខ្ញុំឃើញខ្សែកូនតឹង»។ អុលឡោះជាម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។ 9 កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។ ណាពីអេម៉ុសត្រូវគេដេញចេញពីទីសក្ការៈបេតអែល 10 ពេលនោះ លោកអម៉ាស៊ា ជាអ៊ីមុាំនៅបេតអែល ចាត់គេឲ្យទៅជម្រាបស្តេចយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រអែលថា៖ «អេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រអែល ឲ្យបះបោរប្រឆាំងនឹងស្តេច។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ 11 ដ្បិតគាត់ពោលថា “ស្តេចយេរ៉ូបោមនឹងត្រូវស្លាប់ ដោយមុខដាវ ហើយជនជាតិអ៊ីស្រអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។ 12 លោកអម៉ាស៊ាពោលមកកាន់ណាពីអេម៉ុសថា៖ «នែ៎! អ្នកទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ 13 កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាម៉ាស្ជិទស្តេច»។ 14 ណាពីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាណាពី ឬជាសមាជិកនៃក្រុមណាពីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ 15 ប៉ុន្តែ អុលឡោះតាអាឡាយកខ្ញុំពីក្រោយហ្វូងគោ ហើយទ្រង់មានបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងក្នុងនាមយើង”។ 16 រីឯអ្នកវិញ អ្នកហាមខ្ញុំមិនឲ្យថ្លែងបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រអែល ហើយមិនឲ្យខ្ញុំស្ដីបន្ទោសពូជពង្សអ៊ីសាហាក់។ សូមអ្នកស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ: 17 ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។ |
© 2014 United Bible Societies, UK.
United Bible Societies