បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកម៉ូអាប់1 អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់បាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដុតឆ្អឹងរបស់ស្ដេច ស្រុកអេដុមឲ្យទៅជាផេះ។ 2 ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសំរែកជ្រួលច្របល់ សំរែកសឹកសង្គ្រាម និងសំឡេងត្រែ។ 3 យើងនឹងដកស្ដេចចេញពីពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកយូដា4 អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ហ៊ូកុំរបស់យើងជាអុលឡោះតាអាឡា ហើយមិនកាន់តាមហ៊ូកុំរបស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។ 5 ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកយូដា ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងយេរូសាឡឹមផង»។ បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកអ៊ីស្រអែល6 អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកស្រុកអ៊ីស្រអែលបាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់ និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។ 7 ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធិប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។ 8 នៅក្បែរអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ យកមកបញ្ចាំ។ ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។ 9 រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកំពស់ដូចដើមគគីរ និងមានកម្លាំងដូចដើមម៉ៃសាក់ ឲ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។ 10 យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។ 11 យើងបានធ្វើឲ្យពួកណាពីងើបឡើង ពីចំណោមកូនចៅរបស់អ្នករាល់គ្នា និងឲ្យពួកណាសារីតងើបឡើង ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រអែល? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 12 ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត អ្នករាល់គ្នាហាមពួកណាពីមិនឲ្យ ថ្លែងពាក្យក្នុងនាមយើង 13 ហេតុនេះ យើងនឹងកិនកំទេចអ្នករាល់គ្នា ឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ ដែលនៅក្រោមកង់។ 14 អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង អ្នកចំបាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ 15 អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច អ្នកជិះសេះពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ 16 នៅថ្ងៃនោះ អ្នកចំបាំងដ៏ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies