អូមាត់អ៊ីសាឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត1 ចំពោះបងប្អូន បងប្អូនបានស្លាប់ ព្រោះតែកំហុស និងអំពើបាបរបស់បងប្អូនរួចផុតទៅហើយ។ 2 ពីដើម បងប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្តិសិទ្ធិដែលគ្រប់គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកប្រឆាំងនឹងអុលឡោះនៅបច្ចុប្បន្នកាលនេះ។ 3 រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីអុលឡោះ ដូចមនុស្សឯទៀតៗដែរ 4 ក៏ប៉ុន្ដែ អុលឡោះដែលតែងតែអាណិតមេត្ដាដ៏ច្រើនពន់ប្រមាណនោះទ្រង់ស្រឡាញ់យើងខ្លាំងបំផុត 5 គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ទ្រង់បានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយអាល់ម៉ាហ្សៀសវិញដែរ។ អុលឡោះបានសង្គ្រោះបងប្អូន ដោយសារគុណនៃទ្រង់។ 6 អុលឡោះបានប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា និងឲ្យយើងអង្គុយលើបល្ល័ង្កនៅសូរ៉កា រួមជាមួយអ៊ីសាដែរ។ 7 អុលឡោះបង្ហាញចិត្តសប្បុរសចំពោះយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់គុណដ៏ប្រសើរលើសលប់បំផុតរបស់ទ្រង់ 8 អុលឡោះសង្គ្រោះបងប្អូនដោយសារគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាអំណោយទានរបស់អុលឡោះ 9 ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្ដអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ 10 យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។ ការរួបរួមគ្នាក្នុងអាល់ម៉ាហ្សៀស11 ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើមបងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកខតាន់» ហៅបងប្អូនថា «ពួកមិនខតាន់» ព្រោះគេសំគាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។ 12 កាលណោះ បងប្អូននៅឆ្ងាយពីអាល់ម៉ាហ្សៀស គ្មានសិទ្ធិចូលជាតិអ៊ីស្រអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រីដែលចងឡើងដោយបន្ទូលសន្យារបស់អុលឡោះទេ បងប្អូនរស់នៅក្នុងលោកនេះដោយ គ្មានទីសង្ឃឹម ហើយក៏គ្មានអុលឡោះដែរ។ 13 កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា បងប្អូនបានមកនៅជិតដោយសារឈាមរបស់អាល់ម៉ាហ្សៀស។ 14 គឺអាល់ម៉ាហ្សៀសហើយដែលជាសន្ដិភាពរបស់យើង គាត់បានប្រមូលសាសន៍ទាំងពីរឲ្យរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ក្នុងរូបកាយរបស់អ៊ីសា គាត់បានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្ដនឹងគ្នា។ 15 អ៊ីសាបានលុបបំបាត់ហ៊ូកុំដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងគាត់ផ្ទាល់ព្រមទាំងនាំសន្ដិភាពមកផង។ 16 ដោយអ៊ីសាបានស្លាប់នៅលើឈើឆ្កាង គាត់បានសំរុះសំរួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយអុលឡោះវិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។ 17 អ៊ីសាបានមក «ទាំងនាំដំណឹងល្អអំពីសន្ដិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្ដិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ»។ 18 ដោយសារអាល់ម៉ាហ្សៀសនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកអុលឡោះជាបិតា ដោយរួមក្នុងរសអុលឡោះតែមួយ។ 19 ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏បរិសុទ្ធ និងជាក្រុមគ្រួសាររបស់អុលឡោះ។ 20 អុលឡោះបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និងណាពីជាគ្រឹះ និងមានអាល់ម៉ាហ្សៀសអ៊ីសាផ្ទាល់ជាថ្មដ៏សំខាន់។ 21 គឺអាល់ម៉ាហ្សៀសហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចំរើនឡើង ទៅជាម៉ាស្ជិទបរិសុទ្ធមួយ រួមជាមួយអ៊ីសាជាអម្ចាស់។ 22 រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយអ៊ីសា បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាដំណាក់របស់អុលឡោះ ក្នុងរសអុលឡោះ។ |
© 2014 United Bible Societies, UK.
United Bible Societies