ប្រជាជនពិតជាវិលមករកអុលឡោះមែនឬ?1 អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកអុលឡោះតាអាឡាវិញ។ ទ្រង់បានធ្វើឲ្យពួកយើងរបួស ទ្រង់ក៏នឹងប្រោសពួកយើងឲ្យជាវិញ ទ្រង់បានប្រហារពួកយើង ទ្រង់ក៏នឹងរុំរបួសឲ្យពួកយើងដែរ។ 2 ពីរថ្ងៃទៀត ទ្រង់នឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ទ្រង់នឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយទ្រង់។ 3 យើងត្រូវយកចិត្តទុកដាក់ស្គាល់អុលឡោះតាអាឡា ឲ្យបានច្បាស់ ទ្រង់ប្រាកដជាមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ទ្រង់នឹងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។ 4 «អេប្រាអ៊ីមអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន? យូដាអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន បើចិត្តភក្តីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម និងទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ! 5 ហេតុនេះហើយបានជាយើងប្រើពួកណាពី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសំដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ 6 ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានគូរបានទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកគូរបានមកឲ្យយើង។ 7 ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី ដូចអាដាម គឺអ្នករាល់គ្នាបានក្បត់យើង។ 8 កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។ 9 ក្រុមអ៊ីមុាំប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត! 10 ក្នុងចំណោមប្រជាជនអ៊ីស្រអែល យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម បានធ្វើឲ្យអ៊ីស្រអែលទៅជាសៅហ្មង។ 11 យូដាអើយ អ្នកក៏ដូច្នោះដែរ យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។ លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ របស់យើងដែលជាប់ជាឈ្លើយមកវិញ |
© 2014 United Bible Societies, UK.
United Bible Societies