1 នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលស្តេចអូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រអែល។ អាពាហ៍ពិពាហ៍របស់ណាពីហូសេ2 បន្ទូលដែលអុលឡោះតាអាឡាបានថ្លែង តាមរយៈហូសេ ចាប់ផ្តើមដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលមកកាន់ហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីអុលឡោះតាអាឡា!»។ 3 ហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនគាត់។ 4 អុលឡោះតាអាឡាមានបន្ទូលមកកាន់ហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្តេចយេហ៊ូវ ព្រោះតែស្តេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្តេចសោយរាជ្យលើពូជពង្សអ៊ីស្រអែល។ 5 ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រអែលនៅវាលយេសរាល»។ 6 នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ អុលឡោះតាអាឡាមានបន្ទូលមកកាន់ហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ 7 ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកងពលសេះឡើយ»។ 8 ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ 9 អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាម្ចាស់របស់អ្នករាល់គ្នាដែរ»។ ថ្ងៃដែលអ៊ីស្រអែលបានរុងរឿងឡើងវិញ10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាអុលឡោះមានបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាកូនរបស់ អុលឡោះដ៏នៅអស់កល្ប”។ 11 ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់! |
© 2014 United Bible Societies, UK.
United Bible Societies