ពេលដែលត្រូវសង់ម៉ាស្ជិទឡើងវិញ1 នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ អុលឡោះតាអាឡាមានបន្ទូលតាមរយៈណាពីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ: 2 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ដំណាក់របស់អុលឡោះតាអាឡាឡើងវិញទេ”»។ 3 ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកពួកគេតាមរយៈណាពីហាកាយ ដូចតទៅ៖ 4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។ 5 ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! 6 អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ 7 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! 8 ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង» នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 9 «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 10 ហេតុនេះហើយបានជាមេឃទប់មិនឲ្យ មានភ្លៀងធ្លាក់ ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។ 11 យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ ឥតបង្កើតបានផលអ្វីឡើយ»។ 12 ណាពីហាកាយបាននាំយកបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់គាត់ ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ មានបន្ទូលតាមរយៈណាពីហាកាយ ហើយកោតខ្លាចអុលឡោះតាអាឡា។ 13 ហាកាយ ដែលអុលឡោះតាអាឡាចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមបន្ទូលរបស់អុលឡោះតាអាឡា។ ទ្រង់មានបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 14 អុលឡោះតាអាឡាដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយទ្រង់ក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ ដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ពួកគេ 15 នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស។ |
© 2014 United Bible Societies, UK.
United Bible Societies