1 អ្នកដែលរឹងរូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។ 2 កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ត្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ត្រនឹងស្រែកថ្ងូរ។ 3 អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត រីឯអ្នកដែលសេពគប់ជាមួយស្រីពេស្យារមែងបង្ហិនទ្រព្យសម្បត្តិ។ 4 ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចំរើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។ 5 អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។ 6 មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។ 7 មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។ 8 មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។ 9 ប្រសិនបើមនុស្សមានប្រាជ្ញាឡើងក្ដីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬសើចក្ដី ក៏គាត់មិនបានស្ងប់ចិត្តដែរ។ 10 ពួកឃាតករមែងស្អប់មនុស្សទៀងត្រង់ រីឯមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។ 11 មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។ 12 កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។ 13 អ្នកទុគ៌ត និងអ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតអុលឡោះតាអាឡាប្រទានឲ្យអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។ 14 ស្ដេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រ ដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។ 15 ការវាយប្រដៅ និងការស្ដីបន្ទោស រមែងធ្វើឲ្យមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្ដោយឲ្យធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្ដាយ។ 16 កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។ 17 ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើឲ្យអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។ 18 ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីអុលឡោះទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់ ពិតជាមានសុភមង្គល។ 19 គេមិនអាចប្រដៅខ្ញុំបម្រើនឹងពាក្យសំដីបានទេ ដ្បិតទោះបីវាយល់ក្ដី ក៏វាមិនធ្វើតាមដែរ។ 20 ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។ 21 បើអ្នកទំរើសខ្ញុំបម្រើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយវា នឹងមិនស្ដាប់បង្គាប់អ្នកឡើយ។ 22 មនុស្សឆាប់ខឹងរមែងបង្កជំលោះ រីឯអ្នកដែលមានចិត្តកំរោល រមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ 23 អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។ 24 អ្នកណាសមគំនិតជាមួយចោរ អ្នកនោះស្អប់ខ្លួនឯងព្រោះគេដឹងថា ខ្លួនត្រូវបណ្ដាសា តែមិនហ៊ានធ្វើជាសាក្សីទេ។ 25 ការភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡាតែងតែបានសេចក្ដីសុខ។ 26 មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែអុលឡោះតាអាឡាទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗគ្នា។ 27 មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies