សុភាសិតផ្សេងៗ1 នេះជាសុភាសិតរបស់ស្តេចស៊ូឡៃម៉ាន ចងក្រងឡើងដោយមន្ត្រីរបស់ស្តេចហេសេគា ជាស្ដេចស្រុកយូដា។ 2 សិរីរុងរឿងរបស់អុលឡោះស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ 3 ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ចិត្តរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។ 4 បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។ 5 បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីខ្លួនជាមុនសិន។ 6 កុំធ្វើព្រហើនចំពោះស្ដេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។ 7 ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។ 8 កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទំលាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន! 9 បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ 10 ក្រែងលោអ្នកនោះដឹងឮ គេដៀលអ្នក ហើយអ្នកត្រូវអាម៉ាស់ងើបមុខមិនរួច។ 11 និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។ 12 យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។ 13 អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។ 14 អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។ 15 ការអត់ធ្មត់រមែងបន្ទន់ចិត្តមេដឹកនាំ ហើយពាក្យសំដីទន់ភ្លន់អាចឈ្នះចិត្តរឹងរូស។ 16 បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។ 17 ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់ រហូតដល់ស្អប់អ្នក។ 18 អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។ 19 នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។ 20 ច្រៀងឲ្យមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។ 21 ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារទៅឲ្យគេបរិភោគ បើគេស្រេក ចូរយកទឹកឲ្យគេផឹកផង 22 ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយអុលឡោះតាអាឡានឹងប្រទានរង្វាន់ដល់អ្នក។ 23 ខ្យល់បក់ពីទិសខាងត្បូងរមែងនាំទឹកភ្លៀងមកជាមួយផង រីឯការនិយាយដើមគេរមែងនាំឲ្យគេខឹង។ 24 ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។ 25 ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។ 26 អណ្ដូងទឹកល្អក់ ឬប្រភពទឹកក្រខ្វក់ ប្រៀបដូចជាមនុស្សសុចរិត ដែលយកតម្រាប់តាមមនុស្សទុច្ចរិត។ 27 បរិភោគទឹកឃ្មុំច្រើនមិនល្អទេ ហើយចង់បានកិត្តិយសខ្លាំងពេកក៏មិនល្អដែរ។ 28 មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។ |
© 2014 United Bible Societies, UK.
United Bible Societies