ម៉ាឡាអ៊ីកាត់ប្រគល់ក្រាំងមួយតូចឲ្យយ៉ូហាន1 ខ្ញុំឃើញម៉ាឡាអ៊ីកាត់ខ្លាំងពូកែម្នាក់ទៀតចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងគាត់ដូចសសរភ្លើង។ 2 ដៃគាត់កាន់ក្រាំងតូចមួយដែលបើកស្រាប់ គាត់ដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។ 3 គាត់បន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសឹង្ហគ្រហឹម ហើយពេលម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ 4 ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុកស្រាប់តែឮសំឡេងមួយ ពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។ 5 រីឯម៉ាឡាអ៊ីកាត់ដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ 6 ហើយស្បថ ក្នុងនាមអុលឡោះដែលនៅអស់កល្ប ជាអង្វែងតរៀងទៅ គឺទ្រង់ដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ម៉ាឡាអ៊ីកាត់នោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ 7 នៅគ្រាណាម៉ាឡាអ៊ីកាត់ទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលគាត់ចាប់ផ្ដើមផ្លុំត្រែ អុលឡោះនឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ទ្រង់ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកណាពីជាអ្នកបម្រើរបស់ទ្រង់»។ 8 បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃម៉ាឡាអ៊ីកាត់ដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ 9 ខ្ញុំក៏ដើរទៅរកម៉ាឡាអ៊ីកាត់នោះ ទាំងសុំឲ្យគាត់ប្រគល់ក្រាំងតូចមកខ្ញុំ។ គាត់ពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ 10 ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃម៉ាឡាអ៊ីកាត់មកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ 11 បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងបន្ទូលនៃអុលឡោះសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។ |
© 2014 United Bible Societies, UK.
United Bible Societies