ណាពីអ៊ីព្រហ៊ីម និងស្តេចអប៊ីម៉ាឡិច1 អ៊ីព្រហ៊ីមចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ គាត់បានតាំងទីលំនៅ នៅចន្លោះក្រុងកាដែស និងក្រុងស៊ើរ បន្ទាប់មក គាត់បានទៅនៅក្រុងកេរ៉ា។ 2 អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។ 3 ពេលនោះ អុលឡោះមកជួបស្តេចអប៊ីម៉ាឡិច ក្នុងសុបិននិមិត្តនៅពេលយប់ ហើយមានបន្ទូលថា៖ «អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានចាប់មកនោះជាមិនខាន ដ្បិតនាងមានប្ដីហើយ»។ 4 ស្តេចអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់សារ៉ានៅឡើយទេ ស្តេចមានប្រសាសន៍វិញថា៖ «អុលឡោះជាអម្ចាស់ តើនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? 5 បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។ 6 អុលឡោះមានបន្ទូលមកស្តេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្តោយឲ្យអ្នកប៉ះពាល់នាងឡើយ។ 7 ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាណាពីមួយនាក់ គាត់នឹងអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។ 8 ស្តេចអប៊ីម៉ាឡិច ក្រោកឡើងពីព្រលឹម គាត់កោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីអស់ទាំងហេតុការណ៍នេះ។ ពួកបម្រើរបស់ស្តេចព្រឺខ្លាចជាខ្លាំង។ 9 ស្តេចអប៊ីម៉ាឡិចហៅអ៊ីព្រហ៊ីមមក រួចសួរថា៖ «ហេតុដូចម្តេចបានជាអ្នកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកប្រព្រឹត្តចំពោះខ្ញុំ តាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ 10 បន្ទាប់មក ស្តេចអប៊ីម៉ាឡិច មានប្រសាសន៍ទៅកាន់អ៊ីព្រហ៊ីមទៀតថា៖ «តើអ្នកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ 11 អ៊ីព្រហ៊ីមតបថា៖ «ខ្ញុំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចអុលឡោះទេមើលទៅ គេមុខជាប្រហារជីវិតខ្ញុំ ព្រោះតែប្រពន្ធខ្ញុំមិនខាន។ 12 មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ខ្ញុំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកខ្ញុំដែរ តែម្តាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយខ្ញុំ។ 13 នៅពេលអុលឡោះនាំខ្ញុំចាកចេញឆ្ងាយពីញាតិសន្តានរបស់ខ្ញុំ ខ្ញុំបានប្រាប់នាងសារ៉ាថា “នៅទីណា ដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។ 14 ស្តេចអប៊ីម៉ាឡិចបានយកចៀម យកគោ ពីក្នុងហ្វូងសត្វរបស់ស្តេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនអ៊ីព្រហ៊ីម ហើយក៏បានប្រគល់សារ៉ាជូនគាត់វិញដែរ។ 15 ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍ថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខអ្នកស្រាប់ហើយ អ្នកចង់តាំងទីលំនៅ នៅទីណាក៏បាន តាមតែអ្នកពេញចិត្ត»។ 16 ស្តេចមានប្រសាសន៍ទៅកាន់សារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។ 17 អ៊ីព្រហ៊ីមបានអង្វរអុលឡោះ សូមមេត្តាប្រោសស្តេចអប៊ីម៉ាឡិច ព្រមទាំងប្រពន្ធ និងពួកស្រីស្នំរបស់ស្តេច ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន 18 ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យស្ត្រីៗ ក្នុងសាច់ញាតិរបស់ស្តេចអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែសារ៉ា ជាភរិយារបស់អ៊ីព្រហ៊ីម។ |
© 2014 United Bible Societies, UK.
United Bible Societies