ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 25 - អាល់គីតាប អាល់គីតាប
លេវី‌វិន័យ 25

ឆ្នាំ​សម្រាក

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​នៅ​លើ​ភ្នំ​ស៊ីណៃ​ថា៖

2 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ហើយ រៀង​រាល់​ប្រាំ‌ពីរ​ឆ្នាំ ចូរ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​មួយ​ឆ្នាំ ដែល​ជា​ឆ្នាំ​សម្រាក​ជូនអុលឡោះ‌តាអាឡា។

3 ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​ថែ​ទាំ​ចម្ការ​ទំពំាង​បាយ​ជូរ និង​បេះ​យក​ផ្លែ​បាន។

4 ប៉ុន្តែ ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​សម្រាក ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សម្រាក​ជូនអុលឡោះ‌តាអាឡា។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចម្ការ​ទំពំាង​បាយ​ជូរ​ដែរ។

5 អ្នក​មិន​ត្រូវ​ច្រូត​យក​ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចម្រូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។

6 ទោះ​បី​ដី​ទំនេរ​នៅ​ឆ្នាំ​សម្រាក​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្តល់​អាហារ​គ្រប់​គ្រាន់​ដល់​អ្នក និង​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ជា​មួយ​អ្នក។

7 រីឯ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ​នៅ​ក្នុង​ស្រុក​របស់​អ្នក ក៏​ទទួល​ភោគ​ផល​ពី​ដី​ជា​ចំណី​ដែរ»។

ឆ្នាំ​ដែល​ត្រូវ​លោះ​កម្ម​សិទ្ធិ

8 «ចូរ​រាប់​ឆ្នាំ​សម្រាក​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់ សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។

9 នៅ​ខែទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាស​ពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។

10 អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហា‌សិប​នោះជា​ឆ្នាំ​បរិសុទ្ធ ត្រូវ​ប្រកាស​សេរី​ភាព​នៅ​ក្នុងស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា‌ករុណា”។ ពេល​នោះ ម្នាក់ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួប​ជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។

11 ឆ្នាំ​ទី​ហា‌សិប ជា​ឆ្នាំ​មេត្តា‌ករុណា​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ ឬ​ច្រូត​កាត់​ភោគ​ផល​ដុះ​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី កាល​ពី​រដូវ​ចម្រូត​មុន​ឡើយ ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ​ដែល​អ្នក​រាល់​គ្នា​ទុក​ចោល​នោះ​ដែរ។

12 អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​មេត្តា‌ករុណា​ជា​ឆ្នាំ​សក្ការៈ។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​អ្វីៗ​ដែល​ដុះ​នៅ​ក្នុង​ចម្ការ។

13 នៅ​ឆ្នាំ​មេត្តា‌ករុណា អ្នក​រាល់​គ្នា​អាច​វិល​ទៅ​កាន់​កាប់​កម្ម‌សិទ្ធិ​របស់​ខ្លួន​វិញ។

14 ប្រសិន​បើ​អ្នក​រាល់​គ្នា​លក់ ឬ​ទិញ​អ្វី​ពី​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​កេង​បន្លំ​គេ​ឡើយ។

15 ពេល​ទិញ​ដី​ពី​ជន​រួម​ជាតិ​របស់​អ្នក ត្រូវ​គិត​តម្លៃ​ចាប់​ពី​ឆ្នាំ​មេត្តា‌ករុណា​ទៅ ហើយ​គេ​ត្រូវ​លក់​ឲ្យ​អ្នក​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​អ្នក​អាច​ច្រូត​យក​ផល​បាន រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា​ខាង​មុខ។

16 ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា‌ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ​ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។

17 មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​កេង​ប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ​បាន​សេចក្តី​ថា អ្នក​គោរព​កោត​ខ្លាច​ម្ចាស់​របស់​អ្នក។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

18 ចូរ​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ​របស់​យើង ចូរ​ធ្វើ​តាម​ហ៊ូកុំ​របស់​យើង​នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។

19 ដី​នឹង​ផ្តល់​ភោគ​ផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។

20 ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប​ព្រោះ​មិន​ច្រូត​កាត់​ដូច្នេះ!”។

21 នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​យើង​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគ​ផល​គ្រប់​គ្រាន់​សម្រាប់​បី​ឆ្នាំ។

22 អ្នក​រាល់​គ្នា​សាប​ព្រោះ​សា​ជា​ថ្មី​នៅ​ឆ្នាំ​ទី​ប្រាំ‌បី តែ​អ្នក​រាល់​គ្នា​បរិភោគ​ផល​ដែល​ប្រមូល​បាន​ពី​មុន​រហូត​ដល់​ឆ្នាំ​ទី​ប្រាំ‌បួន។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​ផល​ចាស់ រហូត​ទាល់​តែ​បាន​ទទួល​ភោគ​ផល​ថ្មី។

23 អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្តាច់​ឲ្យ​គេ​រហូត​បាន​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្ម‌សិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរ‌ទេស ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​លើ​ដី​របស់​យើង។

24 នៅ​ក្នុងស្រុក​ទាំង​មូល ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​លោះ​ដី។

25 ប្រសិន​បើ​បង​ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​មួយ​ចំណែក​របស់​ខ្លួន អ្នក​ដែល​មាន​សិទ្ធិ​លោះ​ដី គឺ​សាច់​ញាតិ​ដ៏​ជិត​ដិត​ត្រូវ​មក​លោះ​យក​ដី​ដែល​បង​ប្អូន​នោះ​លក់។

26 ប្រសិន​បើ​អ្នក​នោះ​គ្មាន​សាច់​ញាតិ​មក​លោះ​យក​ដី​ទេ ហើយ​ប្រសិន​បើ​គាត់​ធូរ​ធារ​អាច​លោះ​ដី​នោះ ដោយ​ខ្លួន​ឯង​បាន

27 គាត់​ត្រូវ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ខ្លួន​បាន​លក់​ដី​នោះ រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា រួច​បង់​ប្រាក់​ទៅ​ឲ្យ​អ្នក​ទិញ តាម​ចំនួន​ឆ្នាំ​ទាំង​នោះ ហើយ​កាន់​កាប់​ទឹក​ដី​របស់​ខ្លួន​វិញ។

28 ប្រសិន​បើ​គេ​គ្មាន​ប្រាក់​លោះ​ដី​នោះ​ទេ ដី​នោះ​ត្រូវ​នៅ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​ទិញ រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា។ នៅ​ឆ្នាំ​មេត្តា‌ករុណា​អ្នក​ទិញ ត្រូវ​ចាក​ចេញ​ពី​ដីនោះ ហើយ​ម្ចាស់​ដី​អាច​វិល​មក​កាន់​កាប់​ដី​របស់​ខ្លួន​វិញ​បាន។

29 ប្រសិន​បើ​នរណា​ម្នាក់​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​កំពែង គេ​មាន​សិទ្ធិ​លោះ​យក​ផ្ទះ​នោះ​មក​វិញ ក្នុង​អំឡុង​មួយ​ឆ្នាំ​ក្រោយ​ពេល​លក់ គឺ​គេ​មាន​សិទ្ធិ​លោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

30 លុះ​ផុត​កំណត់​ពេល​មួយ​ឆ្នាំ​ហើយ ប្រសិន​គេ​មិន​លោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​ទេ ផ្ទះ​នោះ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​ទិញ និង​ពូជ‌ពង្ស​រហូត សូម្បី​តែ​នៅ​ឆ្នាំ​មេត្តា‌ករុណា ក៏​ម្ចាស់​ដើម​មិន​អាច​យក​វិញ​បាន​ដែរ។

31 ចំណែក​ឯ​ផ្ទះ​ស្ថិត​នៅ​តាម​ភូមិ​ត្រូវ​គិត​ដូច​ដី​ឯ​ទៀតៗ​ដែរ គឺ​គេ​អាច​លោះ​យក​ពេល​ណា​ក៏​បាន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​នោះ​នៅ​ឆ្នាំ​មេត្តា‌ករុណា។

32 ចំណែក​ក្រុង​របស់​ពួក​លេវី​វិញ។ ពួក​លេវី​អាច​លោះ​យក​ផ្ទះ​ដែល​គេ​មាន​នៅ​ក្នុង​ក្រុង​ទាំង​នោះ នៅ​ពេល​ណា​ក៏​បាន។

33 ទោះ​បី​អ្នក​ទិញ​ផ្ទះ​នោះ​ជា​ពួក​លេវី​ក្តី នៅ​ឆ្នាំ​មេត្តា‌ករុណា​ផ្ទះ​នោះ​នឹង​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ម្ចាស់​ដើម​វិញ ដ្បិត​ផ្ទះ​ដែល​ស្ថិត​នៅ​ក្រុង​របស់​ពួក​លេវី ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។

34 រី​ឯ​ស្រែ​ចម្ការ​ដែល​ស្ថិត​នៅ​ជុំ​វិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ រហូត​ទៅ»។

ហ៊ូកុំ​អំពី​ការ​ឲ្យ​ប្រាក់​អ្នក​ក្រ​ខ្ចី

35 «ពេល​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ និង​ខ្វះ​ខាត ទោះ​បី​អ្នក​នោះ​ជា​ជន​បរ‌ទេស ឬ​ជា​អ្នក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្តី អ្នក​ត្រូវ​តែ​ជួយ​គេ ដើម្បី​ឲ្យ​គេ​អាច​រស់​នៅ​ក្បែរ​អ្នក​ត​ទៅ​មុខ​ទៀត។

36 កុំ​យក​ការ​ប្រាក់ ឬ​ចង់​បាន​គុណ​អ្វី​ពី​គេ​ឡើយ ធ្វើ​ដូច្នេះ អ្នក​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ហើយ​ទុក​ឲ្យ​បង​ប្អូន​នោះ​រស់​នៅ​ជា​មួយ​អ្នក។

37 បើ​អ្នក​នោះ​ខ្ចី​ប្រាក់​កុំ​គិត​ការ​ប្រាក់​ឲ្យ​សោះ ហើយ​បើ​អ្នក​ឲ្យ​អាហារ​ទៅ​គេ​កុំ​ចង់​បាន​សគុណ​អ្វី​ឡើយ។

38 យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ស្រុក​កាណាន​នេះ​ឲ្យ​អ្នក​រាល់​គ្នា និង​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

39 ពេល​បង​ប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បម្រើ​អ្នក មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។

40 ត្រូវ​ឲ្យ​គេ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក​រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា។

41 ពេល​នោះ​គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក​ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ

42 ដ្បិត​អស់​អ្នក​ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​យើង ហេតុ​នេះ​មិន​ត្រូវ​លក់​ពួក​គេ ដូច​លក់​ទាសករ​ឡើយ។

43 កុំ​ជិះ​ជាន់​ធ្វើ​បាប​ពួក​គេ​ឲ្យ​សោះ ធ្វើ​ដូច្នេះ​ទើប​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក។

44 ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បម្រើ​ប្រុស​ស្រី ត្រូវ​ទិញ​ពួក​គេ​ពី​ចំណោម​ប្រជាជាតិ​នានា ដែល​នៅ​ជុំ​វិញ​អ្នក​រាល់​គ្នា។

45 អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ​ដែល​កើត​ក្នុង​ស្រុក​នេះ​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក។

46 អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ​ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។

47 ប្រសិន​បើ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បង​ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​ឲ្យ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន ឬ​លក់​ខ្លួន​ឲ្យ​ពូជ‌ពង្ស​របស់​ជន​បរ‌ទេស​នោះ

48 បង​ប្អូន​របស់​អ្នក​ក្រ​មាន​សិទ្ធិ​លោះ​អ្នក​ក្រ​នោះ​យក​មក​វិញ ក្រោយ​ពេល​ដែល​គាត់​បាន​លក់​ខ្លួន។

49 ឪពុក​មា​របស់​គាត់ កូន​របស់​ឪពុក​មា ឬ​សាច់​ញាតិ​ជិត​ដិត​ណា​ម្នាក់ អាច​លោះ​គាត់​យក​មក​វិញ ឬ​គាត់​ត្រូវ​រក​ប្រាក់​លោះ​ខ្លួន​ឯង​ក៏​បាន។

50 គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បម្រើ។

51 ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​ត្រូវ​បង់​ប្រាក់​លោះ​ខ្លួនទៅ​ឲ្យ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។

52 ប្រសិន​បើ​នៅ​សល់​តិច​ឆ្នាំ មុន​នឹង​ដល់​ឆ្នាំ​មេត្តា‌ករុណា ក៏​ត្រូវ​គិត​ប្រាក់​លោះ​ខ្លួន​បង់​ទៅ​ឲ្យ​ម្ចាស់ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ​ដែរ។

53 ត្រូវ​រាប់​គាត់​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់ គឺ​មិន​ត្រូវ​ជិះ​ជាន់​ធ្វើ​បាប​គាត់​ឡើយ។

54 ប្រសិន​បើ​ក្នុង​ឆ្នាំ​ដែល​គាត់​នៅ​បម្រើ​គេ​នោះ គាត់​ពុំ​អាច​លោះ​ខ្លួន​បាន​ទេ នៅ​ឆ្នាំ​មេត្តា‌ករុណា គាត់ និង​កូន​ចៅ​របស់​គាត់​អាច​ចាក​ចេញ​ពី​ផ្ទះ​របស់​ម្ចាស់

55 ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​យើង។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។

© 2014 United Bible Societies, UK.

United Bible Societies