កន្លែងដែលត្រូវធ្វើគូរបាន1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា ដូចតទៅ៖ 2 «ចូរប្រាប់ហារូន និងកូនប្រុសរបស់គាត់ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលថា អុលឡោះតាអាឡាបានបង្គាប់ដូចតទៅ: 3 ក្នុងចំណោមកូនចៅអ៊ីស្រអែល បើបុរសណាម្នាក់ចង់អារកគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ 4 ត្រូវតែនាំសត្វនោះមកត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ដើម្បីជូនជាជំនូនដល់ទ្រង់នៅមុខជំរំសក្ការៈ។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន។ 5 ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រអែលមិនឲ្យសម្លាប់សត្វ ធ្វើគូរបាននៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនអ៊ីមុាំនៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយជូនដល់អុលឡោះតាអាឡាទុកជាគូរបានមេត្រីភាព។ 6 អ៊ីមុាំត្រូវប្រោះឈាមសត្វលើអាសនៈរបស់អុលឡោះតាអាឡានៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ អ៊ីមុាំត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ 7 ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើងដោយធ្វើគូរបានទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាហ៊ូកុំដែលពួកគេ និងពូជពង្សរបស់ពួកគេត្រូវកាន់ រហូតតទៅឥតប្រែប្រួលឡើយ។ 8 ចូរប្រាប់ពួកគេថា ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់ធ្វើគូរបានដុត ឬគូរបានអ្វីមួយ 9 តែមិននាំសត្វនោះមកធ្វើជាគូរបានជូនអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡាទេ ត្រូវដកបុរសនោះចេញពីចំណោមប្រជាជនរបស់ខ្លួន»។ ការហាមឃាត់បរិភោគឈាម10 «ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន 11 ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។ 12 ហេតុនេះ យើងហាមជនជាតិអ៊ីស្រអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នាមិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។ 13 ក្នុងចំណោមជនជាតិអ៊ីស្រអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។ 14 ជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយ បានជាយើងហាមជនជាតិអ៊ីស្រអែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន”។ 15 មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេសដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសំអាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនគេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបានបរិសុទ្ធឡើងវិញ។ 16 ប្រសិនបើគេមិនលាងសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនទេ គេមានកំហុសហើយ»។ |
© 2014 United Bible Societies, UK.
United Bible Societies