ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូហាន 13 - អាល់គីតាប អាល់គីតាប
យ៉ូហាន 13

អ៊ីសា​លាង​ជើង​ពួក​សិស្ស

1 នៅ​មុន​ថ្ងៃ​បុណ្យ​រំលង អ៊ីសា​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​គាត់​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​អុលឡោះ​ជា​បិតា​ហើយ។ ដោយ​អ៊ីសា​ស្រឡាញ់​សិស្ស​របស់​គាត់​ដែល​រស់​នៅ​ក្នុង​លោក​នេះ គាត់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

2 ពេល​នោះ អ៊ីសា និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​អ៊ីសា។

3 អ៊ីសា​ជ្រាប​ថា អុលឡោះ​ជា​បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​គាត់ ហើយ​ជ្រាប​ថា គាត់​មក​ពី​អុលឡោះ និង​ទៅ​ឯ​អុលឡោះ​វិញ។

4 អ៊ីសា​ក្រោក​ឡើង ដោះ​អាវ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។

5 បន្ទាប់​មក អ៊ីសា​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។

6 ពេល​អ៊ីសា​ហៀប​នឹង​លាង​ជើង​ឲ្យ​លោក​ស៊ីម៉ូន​ពេត្រុស លោក​និយាយ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ មិន​សម​នឹង​លោក​ម្ចាស់​លាង​ជើង​ឲ្យ​ខ្ញុំ​សោះ!»។

7 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ​អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។

8 ពេត្រុស​និយាយ​ថា៖ «ទេ តួន​មិន​ត្រូវ​លាង​ជើង​ខ្ញុំ​ជា​ដាច់​ខាត!»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ»។

9 លោក​ស៊ីម៉ូន​ក៏​ឆ្លើយ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។

10 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។

11 អ៊ីសា​មាន​ប្រសាសន៍​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​អ៊ីសា​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​គាត់។

12 កាល​អ៊ីសា​លាង​ជើង​ឲ្យ​គេ​រួច​ហើយ អ៊ីសា​ស្លៀក‌ពាក់​ឡើង​វិញ មក​តុ ទាំង​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ?

13 អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា អម្ចាស់ និង​តួន នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។

14 បើ​ខ្ញុំ​ជា​អម្ចាស់ និង​ជា​តួន​បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

15 ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដល់​អ្នក​រាល់​គ្នា។

16 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។

17 ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្ដិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។

18 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថាៈ “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ”។

19 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ពី​ឥឡូវ​នេះ ឲ្យ​ហើយ​មុន​ការណ៍​ទាំង​នោះ​កើត​មាន។ កាល​ណា​ហេតុ​ការណ៍​ទាំង​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ជឿ​ថា ខ្ញុំ​ពិត​ជា​ម្ចាស់​មែន។

20 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។

ណាពី​អ៊ីសា​ប្រកាស​អំពី​យូដាស​ក្បត់​គាត់

21 កាល អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​ហើយ គាត់​រន្ធត់​ចិត្ត​ក្រៃ‌លែង អ៊ីសា​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។

22 ពួក​សិស្ស​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​អ៊ីសា​មាន​ប្រសាសន៍​ពី​នរណា។

23 សិស្ស​ម្នាក់​ដែល​អ៊ីសា​ស្រឡាញ់​អង្គុយ​ក្បែរ​គាត់។

24 លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គាត់​សួរ​អ៊ីសា​ថា គាត់​និយាយ​ពី​នរណា។

25 សិស្ស​នោះ​ក៏​អោន​ទៅ​ជិត​ទ្រូង​អ៊ីសា​សួរ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​នរណា​មួយ?»។

26 អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំបុ័ង​មួយ​ដុំ​ហុច​ទៅ​ឲ្យ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ អ៊ីសា​ជ្រលក់​នំបុ័ង​មួយ​ដុំ ហុច​ទៅ​ឲ្យ​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​កូន​របស់​លោក​ស៊ីម៉ូន។

27 ពេល​យូដាស​ទទួល​ដុំ​នំបុ័ង​នោះ អ៊ីព្លេស​ក៏​ចូល​ក្នុង​ចិត្ដ​គាត់។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!»។

28 ក្នុង​បណ្ដា​អស់​អ្នក​ដែល​នៅ​រួម​តុ គ្មាន​នរណា​ម្នាក់​យល់​ថា ហេតុ​អ្វី​បាន​ជា​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​ឡើយ។

29 ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា អ៊ីសា​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រី‌ក្រ។

30 យូដាស​ទទួល​យក​ដុំ​នំបុ័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។

បទ‌បញ្ជា​ថ្មី

31 លុះ​យូដាស​ចេញ​ផុត​ទៅ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ បុត្រា​មនុស្ស​បាន​សំដែង​សិរី‌រុង‌រឿង​ហើយ ហើយ​អុលឡោះ​ក៏​បាន​សំដែង​សិរី‌រុង‌រឿង​ក្នុង​បុត្រា​មនុស្ស​ដែរ។

32 បើ​អុលឡោះ​បាន​សំដែង​សិរី‌រុង‌រឿង​ក្នុង​បុត្រា​មនុស្ស ទ្រង់​ក៏​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​បុត្រា​មនុស្ស ក្នុង​ទ្រង់​ផ្ទាល់​ដែរ! ហើយ​អុលឡោះ​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​បុត្រា​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

33 ម្នាល​កូន​ចៅ​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត។ អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន‌ជាតិ​យូដា​មក​ហើយ​ដែរ​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​បាន​ឡើយ។

34 ខ្ញុំ​ឲ្យ​បទ​បញ្ជា​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

35 បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន»។

ណាពី​អ៊ីសា​មាន​ប្រសាសន៍​អំពី​ពេត្រុស​បដិសេធ មិន​ទទួល​ស្គាល់​គាត់

36 លោក​ស៊ីម៉ូន​ពេត្រុស សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​លោក​ម្ចាស់​ទៅ​ណា?»។ អ៊ីសា​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​បាន​ទេ ថ្ងៃ​ក្រោយ​ទើប​អ្នក​ទៅ​បាន»។

37 ពេត្រុស​សួរ​អ៊ីសា​ទៀត​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​លោក​ម្ចាស់​ឥឡូវ​នេះ? ខ្ញុំ​សុខ​ចិត្ដ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​លោក​ម្ចាស់»។

38 អ៊ីសា​ឆ្លើយ​ថា៖ «អ្នក​សុខ​ចិត្ដ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ខ្ញុំ​មែន! តែ​ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា មុន​មាន់​រងាវ អ្នក​នឹង​បដិ‌សេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

© 2014 United Bible Societies, UK.

United Bible Societies