បណ្តាំរបស់យ៉ូស្វេ1 អុលឡោះតាអាឡាប្រោសប្រទានឲ្យប្រជាជនអ៊ីស្រអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និងមានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀត យ៉ូស្វេមានវ័យចាស់ជរា 2 លោកបានកោះហៅជនជាតិអ៊ីស្រអែលទាំងអស់ គឺទាំងក្រុមអះលីជំអះទាំងក្រុមអ្នកដឹកនាំទាំងក្រុមចៅក្រម និងនាយក្រុមមកផ្តែផ្តាំថា៖ «ឥឡូវនេះខ្ញុំមានវ័យចាស់ជរាហើយ 3 អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានប្រព្រឹត្តចំពោះប្រជាជាតិទាំងនោះសម្រាប់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានប្រយុទ្ធដើម្បីអ្នករាល់គ្នា។ 4 មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេ ឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួនដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ ដែលខ្ញុំដណ្តើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើតរហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។ 5 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាផ្ទាល់ នឹងបណ្តេញពួកគេចេញឲ្យឆ្ងាយពីអ្នករាល់គ្នា ហើយយកទឹកដីរបស់ពួកគេមកប្រគល់ឲ្យអ្នករាល់គ្នាកាន់កាប់ ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយអ្នករាល់គ្នា»។ 6 ចូរមានកម្លាំងខ្លាំងក្លាឡើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ដោយមិនប្រាសចាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ។ 7 មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។ 8 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាជំពាក់ចិត្តនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាដូចអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តរហូតមកដល់សព្វថ្ងៃ 9 អុលឡោះតាអាឡានឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និងមានកម្លាំងខ្លាំងក្លាមកប្រគល់ឲ្យអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃគ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាបានឡើយ។ 10 មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នាប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចទ្រង់បានសន្យាជាមួយអ្នករាល់គ្នា។ 11 ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ចូរស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ 12 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីទ្រង់ ទៅជំពាក់ចិត្តនឹងប្រជាជាតិនានា ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នារៀបការជាមួយពួកគេ ព្រមទាំងពាក់ព័ន្ធជាមួយពួកគេ 13 ចូរចងចាំឲ្យច្បាស់ថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងលែងបណ្តេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំញត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យ។ 14 ចំណែកខ្ញុំវិញ ពេលនេះខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ ឲ្យអស់ពីចិត្ត អស់ពីគំនិតថា បន្ទូលទាំងប៉ុន្មានស្តីអំពីសុភមង្គលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទ្រង់បានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសម្រេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។ 15 បន្ទូលស្តីអំពីសុភមង្គលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា សន្យាសុទ្ធតែបានសម្រេចសព្វគ្រប់យ៉ាងណា បន្ទូលដែលទ្រង់ព្រមានអ្នករាល់គ្នា ក៏នឹងសម្រេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នា វិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យ។ 16 ប្រសិនបើអ្នករាល់គ្នាផ្តាច់សម្ពន្ធមេត្រីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម ហើយប្រសិនបើអ្នករាល់គ្នាបែរទៅគោរពបម្រើ និងថ្វាយបង្គំព្រះដទៃ នោះអុលឡោះតាអាឡានឹងខឹងចំពោះអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសូន្យយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលទ្រង់ប្រទានឲ្យអ្នករាល់គ្នា»។ |
© 2014 United Bible Societies, UK.
United Bible Societies