សមរភូមិនៅត្រង់ជ្រោះមេរ៉ូម1 កាលស្តេចយ៉ាប៊ីន ជាស្តេចក្រុងហាសោរ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចផ្ញើលិខិតទៅស្តេចយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាប 2 ព្រមទាំងស្តេចនានានៅខាងជើងក្នុងតំបន់ ភ្នំតំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ 3 ស្តេចក៏បានផ្ញើរាជសារទៅជនជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូស នៅតំបន់ភ្នំ និងជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ើរម៉ូន ក្នុងស្រុកមីសប៉ា។ 4 ស្តេចទាំងនោះបានលើករេហ៍ពលចេញមកផ្តុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចំបាំងយ៉ាងច្រើនអនេកដែរ។ 5 ស្តេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រអែល។ 6 អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្តាប់ដៃរបស់អ៊ីស្រអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។ 7 យ៉ូស្វេ និងពលទាហានទាំងប៉ុន្មានរបស់គាត់ បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។ 8 អុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ 9 យ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា គឺគាត់កាប់សរសៃជើងសេះ និងដុតរទេះចំបាំងរបស់ពួកគេចោល។ យ៉ូស្វេវាយយកក្រុងហាសោរ10 ពេលនោះ យ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្តេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរ ជារាជធានីនៃអាណាចក្រទាំងនោះ។ 11 កងទ័ពអ៊ីស្រអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ជូនផ្តាច់ដល់អុលឡោះឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។ 12 យ៉ូស្វេវាយយកក្រុងទាំងអស់ និងចាប់ស្តេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេជូនផ្តាច់ដល់អុលឡោះស្របតាមបញ្ជារបស់ម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡា។ 13 ជនជាតិអ៊ីស្រអែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាសោរមួយប៉ុណ្ណោះ ដែលយ៉ូស្វេបានដុតចោល។ 14 ជនជាតិអ៊ីស្រអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះទុកជាជយភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ 15 អុលឡោះតាអាឡាបង្គាប់មកម៉ូសា ជាអ្នកបម្រើរបស់ទ្រង់យ៉ាងណា ម៉ូសាក៏បានបង្គាប់មកយ៉ូស្វេយ៉ាងនោះដែរ ហើយយ៉ូស្វេធ្វើតាម គឺគាត់ប្រព្រឹត្តតាមសេចក្តីទាំងអស់ ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។ សមរភូមិចុងក្រោយ16 យ៉ូស្វេយកបានស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិប ទាំងមូលស្រុកកូសែនទាំងមូលតំបន់វាលទំនាបតំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រអែល និងវាលទំនាបនៃតំបន់នោះ។ 17 គាត់វាយឈ្នះ និងប្រហារជីវិតស្តេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ើម៉ូន។ 18 យ៉ូស្វេធ្វើសង្គ្រាមជាមួយស្តេចទាំងនោះអស់រយៈពេលយ៉ាងយូរ។ 19 គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។ 20 អុលឡោះតាអាឡាបានធ្វើឲ្យប្រជាជននៅស្រុកនោះមានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រអែល ដើម្បីឲ្យប្រជាជនអ៊ីស្រអែល បំផ្លាញពួកគេជូនផ្តាច់ដល់ទ្រង់ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ 21 នៅគ្រាដដែលនោះ យ៉ូស្វេលើកទ័ពទៅវាយជនជាតិអាណាក់ ដែលរស់នៅតាមតំបន់ភ្នំ គឺនៅក្រុងហេប្រូន ក្រុងដេបៀរ ក្រុងអាណាប់ ព្រមទាំងនៅតាមតំបន់ភ្នំស្រុកយូដា និងស្រុកអ៊ីស្រអែលទាំងមូល។ យ៉ូស្វេបំផ្លាញពួកគេ និងក្រុងរបស់គេ 22 គ្មានសេសសល់ជនជាតិអាណាក់ណាម្នាក់ក្នុងស្រុកអ៊ីស្រអែលឡើយ គឺមានសល់តែនៅក្រុងកាសា ក្រុងកាថ និងក្រុងអាសដូតប៉ុណ្ណោះ។ 23 យ៉ូស្វេយកបានស្រុកទាំងមូល ស្របតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ យ៉ូស្វេយកទឹកដីនោះ មកចែកឲ្យជនជាតិអ៊ីស្រអែលទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណគ្មានសង្គ្រាមទៀតឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies