ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 8 - អាល់គីតាប អាល់គីតាប
យ៉ូប 8

ប្រសាសន៍​របស់​លោក​ប៊ីល‌ដាដ: កំហុស​តែងតែ​នាំ​មក​នូវ​ទុក្ខ​ទោស

1 លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអា មាន​ប្រសាសន៍​ថា៖

2 «តើ​អ្នក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះ ដល់​កាល​ណា? តើ​អ្នក​បញ្ចេញ​ពាក្យ​សំដី ដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត?

3 តើ​អុលឡោះ​បង្ខូច​យុត្តិធម៌​ឬ តើ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត បង្ខូច​សេចក្ដី​សុចរិត​ឬ?

4 ប្រសិន​បើ​កូន​ប្រុស​របស់​អ្នក​ប្រព្រឹត្ត អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់ ទ្រង់​ដាក់​ទោស​ពួក​គេ តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

5 ចំណែក​ឯ​អ្នក​វិញ បើ​អ្នក​ស្វែង​រក​ទ្រង់ បើ​អ្នក​អង្វរ​ករ​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត

6 បើ​អ្នក​ពិត​ជា​ត្រឹម​ត្រូវ និង​ទៀង​ត្រង់​មែន ទ្រង់​មុខ​ជា​ជួយ​អ្នក ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​អ្នក ឲ្យ​បាន​យុត្តិធម៌​ដូច​ដើម​ឡើង​វិញ។

7 អ្វីៗ​ដែល​អ្នក​ធ្លាប់​មាន​ពី​មុន ហាក់​ដូច​ជា​បន្តិច‌បន្តួច​ប៉ុណ្ណោះ ដ្បិត​អ្វីៗ​ដែល​ទ្រង់​ប្រទាន​នៅ​ពេល​ខាង​មុខ មាន​ចំនួន​ច្រើន​លើស​នោះ​ទៅ​ទៀត។

8 ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុន ហើយ​រំពឹង​គិត​អំពី​បទ​ពិសោធ ដែល​ដូនតា​របស់​អ្នក​រក​ឃើញ

9 ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹង​ដឹង​ក្ដី យើង​មិន​ដឹង​អ្វី​ទាំង​អស់ អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល។

10 សូម​ទុក​ឲ្យ​ចាស់​ទុំ​ប្រៀន‌ប្រដៅ​អ្នក​ចុះ ចាស់​ទុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ជ្រាប នូវ​អ្វីៗ​ដែល​ពួក​គាត់​ធ្លាប់​ដឹង។

11 តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំង ហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែង ដែល​គ្មាន​ទឹក​បាន​ឬ?

12 បើ​មិន​ដូច្នោះ​ទេ ពេល​វា​នៅ​ខៀវ​ខ្ចី ទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយ ក៏​វា​ក្រៀម​ស្ងួត មុន​តិណ‌ជាតិ​ទាំង​ប៉ុន្មាន​ទៅ​ទៀត។

13 រីឯ​អស់​អ្នក​ដែល​បំភ្លេច​អុលឡោះ ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡ នឹង​រលាយ​សូន្យ។

14 បង្អែក​របស់​គេ​ត្រូវ​បាក់ អ្វីៗ​ដែល​គេ​ទុក​ចិត្ត ប្រៀប​ដូច​ជា​សំបុក​ពីង‌ពាង។

15 គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំ គេ​ខំ​ប្រឹង​តោង​ផ្ទះ តែ​ផ្ទះ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

16 គេ​ប្រៀប​បាន​នឹង​រុក្ខ‌ជាតិ​ដ៏​រឹង‌មាំ ព្រោះ​សម្បូណ៌​កំដៅ​ថ្ងៃ ហើយ​បែក​មែក​សាខា​ពាស‌ពេញ​ឧទ្យាន។

17 ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្ម ហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។

18 ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រំលើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!

19 មនុស្ស​ទមិឡ​រមែង​ទទួល​ផល​បែប​នេះ ហើយ​មាន​អ្នក​ផ្សេង​ទទួល​កន្លែង​ជំនួស​គេ។

20 អុលឡោះ​មិន​បោះ​បង់​ចោល មនុស្ស​គ្មាន​កំហុស​ឡើយ ហើយ​ទ្រង់​ក៏​មិន​ពង្រឹង​អំណាច​របស់ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

21 បន្តិច​ទៀត ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក សើច​សប្បាយ​ឡើង​វិញ ហើយ​ឲ្យ​អ្នក​បន្លឺ​សំឡេង​ដោយ​អំណរ។

22 មនុស្ស​ដែល​ស្អប់​អ្នក​នឹង​ត្រូវ​អាម៉ាស់ ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹង រលាយ​សូន្យ»។

© 2014 United Bible Societies, UK.

United Bible Societies