យ៉ូប 7 - អាល់គីតាបណាពីអៃយ៉ូបរអ៊ូរទាំនឹងអុលឡោះ 1 ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។ 2 ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា 3 ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ យ៉ាងនោះដែរ។ 4 ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា “តើពេលណាខ្ញុំនឹងក្រោកឡើងបាន?” ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។ 5 រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។ 6 អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។ 7 សូមទ្រង់នឹកចាំផងថា ជីវិតរបស់ខ្ញុំ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ខ្ញុំពុំអាចឃើញសុភមង្គលទៀតឡើយ។ 8 ទ្រង់មើលមកខ្ញុំ តែលែងឃើញខ្ញុំទៀតហើយ ទ្រង់នឹងខំរកមើលខ្ញុំ តែខ្ញុំបាត់សូន្យទៅ។ 9 ពពកតែងតែរសាត់បាត់ទៅ រីឯអ្នកដែលចុះទៅក្នុងផ្នូរខ្មោច ក៏ពុំអាចឡើងមកវិញបានដែរ។ 10 គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។ 11 ហេតុនេះ ខ្ញុំមិនអាចនៅស្ងៀមបានឡើយ ខ្ញុំត្រូវតែនិយាយនៅពេលពិបាកចិត្ត ខ្ញុំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។ 12 តើខ្ញុំជាសមុទ្រ ឬជាសត្វដ៏សំបើម ដែលរស់នៅក្នុងសមុទ្រឬ បានជាទ្រង់ដាក់អ្នកយាមល្បាត នៅជុំវិញខ្ញុំបែបនេះ? 13 ខ្ញុំនឹកថា “បើខ្ញុំចូលដំណេក នោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់” 14 ប៉ុន្តែ ទ្រង់ធ្វើឲ្យខ្ញុំភ័យតក់ស្លុត ដោយយល់សប្ដិអាក្រក់ ទ្រង់ធ្វើឲ្យខ្ញុំញ័ររន្ធត់ ដោយឃើញសុបិននិមិត្តមិនល្អ។ 15 ខ្ញុំចង់អត់ដង្ហើមស្លាប់ ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ! 16 ខ្ញុំឆ្អែតចិត្តណាស់ ខ្ញុំមិនចង់រស់រហូតទេ សូមទុកខ្ញុំឲ្យនៅតែឯង ដ្បិតជីវិតរបស់ខ្ញុំគ្មានន័យអ្វីសោះ។ 17 តើមនុស្សលោកជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ហេតុអ្វីបានជាទ្រង់នឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ? 18 ទ្រង់ពិនិត្យមើលគេរៀងរាល់ព្រឹក ទ្រង់ល្បងលគេគ្រប់ពេលវេលា។ 19 តើទ្រង់នៅតែឃ្លាំមើលខ្ញុំ ដល់កាលណាទៀត សូមទុកឲ្យខ្ញុំមានពេល លេបទឹកមាត់ផង។ 20 ទ្រង់ដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើបាបមែន តើខ្ញុំបានធ្វើអ្វីទាស់នឹងទ្រង់? ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ដូចជាផ្ទាំងស៊ីប? តើខ្ញុំបានធ្វើអ្វីរំខានដល់ទ្រង់? 21 តើទ្រង់លើកលែងទោសឲ្យខ្ញុំ និងលុបលាងកំហុសរបស់ខ្ញុំបានឬទេ? ដ្បិតបន្តិចទៀត ខ្ញុំនឹងទៅនៅក្នុងផ្នូរ ទ្រង់នឹងរកខ្ញុំ តែខ្ញុំវិនាសសូន្យបាត់ទៅហើយ»។ |
© 2014 United Bible Societies, UK.
United Bible Societies