ទុក្ខលំបាករបស់ណាពីអៃយ៉ូប1 ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។ 2 អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។ 3 ដោយខ្វះខាត និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។ 4 ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។ 5 មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។ 6 ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។ 7 ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។ 8 អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់ ឥតពូជ ឥតអំបូរ ហើយត្រូវប្រជាជនដេញចេញពីស្រុក។ 9 ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នា ច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។ 10 ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ ពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់ខ្ញុំឡើយ។ 11 អុលឡោះធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ទ្រង់បន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។ 12 ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ ពួកគេទាត់ជើងខ្ញុំ ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកំទេចខ្ញុំ។ 13 ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួច ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស ដោយមិនបាច់មាននរណាជួយពួកគេឡើយ។ 14 ពួកគេលើកគ្នាសំរុកមកលើខ្ញុំ ដូចកងទ័ពទម្លុះកំពែង សំរុកចូលវាយក្រុងមួយ។ 15 ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចំរុងចំរើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។ 16 ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់ គ្មានអ្វីសំរាលទុក្ខវេទនារបស់ខ្ញុំបានទេ។ 17 នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំ ឥតមានពេលល្ហែសោះឡើយ 18 ការឈឺចាប់នេះមានកំរិតខ្លាំងពេក រហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំ ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។ 19 អុលឡោះបានបោះខ្ញុំទៅក្នុងភក់ជ្រាំ ខ្ញុំមិនខុសពីធូលីដី និងផេះទេ។ 20 ខ្ញុំស្រែកទូរអាសូមទ្រង់ជួយ តែទ្រង់មិនឆ្លើយមកខ្ញុំទេ ពេលខ្ញុំក្រោកឈរ ទ្រង់គ្រាន់តែសម្លឹងមកខ្ញុំប៉ុណ្ណោះ។ 21 ទ្រង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងឃោរឃៅ ទ្រង់ប្រហារខ្ញុំដោយអំណាច ដ៏ខ្លាំងពូកែរបស់ទ្រង់។ 22 ទ្រង់លើកខ្ញុំឡើង ហើយឲ្យខ្យល់ផាត់ខ្ញុំយកទៅ ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក មកលើខ្ញុំផង។ 23 ខ្ញុំដឹងហើយថាទ្រង់នាំខ្ញុំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។ 24 អ្នកដែលកំពុងតែវិនាស និងមានអាសន្ន តែងតែលើកដៃអង្វរឲ្យគេជួយ។ 25 ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់ កំសត់ទុគ៌ត ទេឬ? 26 ខ្ញុំសង្ឃឹមថាបានសុភមង្គល តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា កើតមានដល់ខ្ញុំទៅវិញ។ 27 ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរ ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។ 28 មុខខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកំដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។ 29 ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។ 30 ស្បែករបស់ខ្ញុំឡើងខ្មៅ គ្រុនក្ដៅឆាបឆេះរហូតដល់ឆ្អឹងរបស់ខ្ញុំ។ 31 ពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។ |
© 2014 United Bible Societies, UK.
United Bible Societies