ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 16 - អាល់គីតាប អាល់គីតាប
យ៉ូប 16

ចម្លើយ​របស់​ណាពី​អៃយ៉ូប: សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​សូរ៉កា

1 អៃយ៉ូប​ឆ្លើយ​វិញ​ថា៖

2 «សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮ ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ អស់​លោក​មក​ជួយ​សំរាល​ទុក្ខ តែ​បែរ​ជា​នាំ​ឲ្យ​អំពល់​ទុក្ខ​ទៅ​វិញ!

3 តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះ ដល់​អង្កាល់​ទើប​ចប់? តើ​មាន​អ្វី​ធ្វើ​ឲ្យ​អស់​លោក​ពុះ​កញ្ជ្រោល បាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ?

4 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូច អស់​លោក​បាន​ដែរ គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ ខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោក ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។

5 ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោក ខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែង ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។

6 រីឯ​ខ្ញុំ​វិញ ទោះ​បី​ខ្ញុំ​និយាយ ក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ បើ​ខ្ញុំ​មិន​និយាយ ក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។

7 ឥឡូវ​នេះ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ទ្រង់​បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ វិនាស​ទាំង​ស្រុង។

8 ទ្រង់​ឲ្យ​ខ្ញុំ​នៅ​សល់​តែ ស្បែក និង​ឆ្អឹង ដែល​ជា​ភស្តុតាង ឲ្យ​គេ​ចោទ​ប្រកាន់​ថា ខ្ញុំ​មាន​កំហុស។

9 កំហឹង​របស់​ទ្រង់​ប្រហារ​ខ្ញុំ ដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំ បញ្ចេញ​ចង្កូម​ដាក់​ខ្ញុំ ទ្រង់​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។

10 មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំ ដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំ ពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំ ហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។

11 អុលឡោះ​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ ក្មេង‌ក្មាង​មើល‌ងាយ ទ្រង់​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​ពាល។

12 ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្ត ទ្រង់​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរ ទ្រង់​ចាប់​កញ្ចឹង‌ក​ខ្ញុំ ហើយ​បោក​ខ្ញុំ​ឲ្យ​ដួល ទ្រង់​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។

13 ទ្រង់​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទី ទ្រង់​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តា ទ្រង់​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។

14 ទ្រង់​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នា ទ្រង់​សំរុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។

15 ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។

16 ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែក ភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។

17 ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ ហើយ​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​តែ​បរិសុទ្ធ​ដដែល។

18 ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​អ្វី​មក​ខ្ទប់ សំរែក​របស់​ខ្ញុំ​ដែរ។

19 ពេល​នេះ សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​សូរ៉កា ទ្រង់​ដែល​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។

20 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ ខ្ញុំ​ស្រែក​អង្វរ​អុលឡោះទាំង​បង្ហូរ​ទឹក​ភ្នែក។

21 សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា អាជ្ញា​កណ្ដាល​រវាង​អុលឡោះនិង​ខ្ញុំ ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង មនុស្ស និង​មនុស្ស។

22 អាយុ​ជីវិត​របស់​ខ្ញុំ​មក​ដល់​ទី​បញ្ចប់​ហើយ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​មួយ ដែល​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ។

© 2014 United Bible Societies, UK.

United Bible Societies