យ៉ូប 15 - អាល់គីតាបប្រសាសន៍លើកទីពីររបស់លោកអេលីផាស: មនុស្សអាក្រក់ពុំអាចរួចខ្លួនបានឡើយ 1 លោកអេលីផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖ 2 «តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ? 3 តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍ មកនិយាយការពារខ្លួនដែរឬ? 4 ចំណែកឯអ្នកវិញ អ្នកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចអុលឡោះ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះទ្រង់បានទៀត! 5 សេចក្ដីទុច្ចរិតជំរុញឲ្យអ្នកស្រដីចេញមក អ្នកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។ 6 មិនមែនខ្ញុំទេ ដែលថ្កោលទោសអ្នក គឺមាត់របស់អ្នកផ្ទាល់ថ្កោលទោសអ្នក ហើយពាក្យសំដីរបស់អ្នកចោទប្រកាន់ខ្លួនឯង។ 7 ក្នុងចំណោមមនុស្សទាំងអស់ តើអ្នកកើតមកមុនគេឬ តើអ្នកកើតមក មុនភ្នំទាំងឡាយឬ? 8 តើអ្នកបានឮគម្រោងការរបស់អុលឡោះ ហើយមានតែអ្នកម្នាក់ឬដែលមានប្រាជ្ញា? 9 តើមានការអ្វីដែលអ្នកដឹង តែយើងខ្ញុំមិនដឹង? តើមានការអ្វីដែលអ្នកយល់ តែយើងខ្ញុំមិនយល់? 10 ក្នុងចំណោមយើងខ្ញុំ ក៏មានពួកអះលីជំអះ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់អ្នកទៅទៀត! 11 អុលឡោះឲ្យយើងខ្ញុំមក សំរាលទុក្ខអ្នក ដោយពាក្យសំដីទន់ភ្លន់ តើប៉ុនហ្នឹងហើយ អ្នកយល់ថាមិនល្មមឬ? 12 ហេតុអ្វីបានជាអ្នកមានចិត្តពុះកញ្ជ្រោល និងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ? 13 ធ្វើដូច្នេះ អ្នកដូចជាខឹងនឹងអុលឡោះ ហើយពោលពាក្យប្រឆាំងនឹងទ្រង់ដែរ។ 14 តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត? 15 សូម្បីតែពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធរបស់ទ្រង់ ក៏ទ្រង់ទុកចិត្តពុំបាន ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ នៅចំពោះទ្រង់ទៅហើយ 16 ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក នោះទ្រង់រឹតតែមិនទុកចិត្តទៅទៀត! 17 ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់អ្នក ខ្ញុំនឹងប្រាប់អ្នកពីការដែលខ្ញុំបានឃើញ 18 គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល ពីដូនតារបស់ពួកគេ ហើយយកមកថ្លែងប្រាប់ ដោយឥតលាក់លៀម។ 19 អុលឡោះប្រទានទឹកដីឲ្យ ដូនតារបស់ពួកគេតែប៉ុណ្ណោះ គ្មានអ្នកដទៃទៀតមកឡូកឡំ ក្នុងទឹកដីនោះឡើយ។ 20 មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។ 21 មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។ 22 គេគ្មានសង្ឃឹមថាអាចគេចផុតពីសេចក្ដីងងឹត និងគេចផុតពីមុខដាវបានឡើយ។ 23 គេត្រេចចរស្វែងរកអាហារ គេដឹងថា អនាគតរបស់គេ មានតែភាពងងឹតសូន្យសុង។ 24 ភាពអាសន្ន និងការឈឺចាប់អន្ទះសា ប្រៀបដូចស្ដេចមួយនាក់លើកទ័ពមកប្រហារ ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង 25 ព្រោះគេបានលើកដៃគំរាមអុលឡោះ ហើយលើកខ្លួនប្រឆាំងនឹង អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ 26 គេហ៊ានរត់ទៅប្រឆាំងទ្រង់ ទាំងកាន់ខែលដ៏ក្រាស់ទៅជាមួយផង។ 27 មុខគេឡើងខ្លាញ់ ហើយបានចំរុងចំរើន។ 28 គេនឹងកាន់កាប់ទីក្រុងបាក់បែក រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល ជាផ្ទះដែលជិតរលំ។ 29 ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀត ទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរ គេនឹងមិនចំរុងចំរើននៅលើផែនដីឡើយ។ 30 គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ ហើយគេនឹងខ្ចាត់បាត់ទៅ ដោយសារកំហឹងរបស់អុលឡោះ។ 31 កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍ បណ្ដាលឲ្យខកចិត្តនោះឡើយ ដ្បិតគេនឹងទទួលការឥតប្រយោជន៍ ទុកជារង្វាន់។ 32 ហេតុការណ៍នេះនឹងកើតមានដល់គេ មុនពេលស្លាប់ គឺប្រៀបដូចជាដើមឈើ ដែលលែងមានស្លឹកខៀវខ្ចីទៀតហើយ។ 33 គេប្រៀបដូចជាដើមទំពាំងបាយជូរ ពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់ ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។ 34 ពូជរបស់មនុស្សទមិឡនឹងគ្មានកូន ហើយភ្លើងនឹងឆាបឆេះទីលំនៅ របស់ជនពុករលួយ។ 35 អ្នកបង្កគម្រោងការអាក្រក់ តែងតែបង្កើតឲ្យមានទុក្ខវេទនា អ្វីៗដែលកើតចេញពីគេ ធ្វើឲ្យគេខកចិត្ត»។ |
© 2014 United Bible Societies, UK.
United Bible Societies