ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 15 - អាល់គីតាប អាល់គីតាប
យ៉ូប 15

ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​អេលី‌ផាស: មនុស្ស​អាក្រក់​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ

1 លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន​ពោល​ឡើង​ថា៖

2 «តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?

3 តើ​គេ​យក​ពាក្យ​ឥត​ន័យ ឥត​ផល​ប្រយោជន៍ មក​និយាយ​ការពារ​ខ្លួន​ដែរ​ឬ?

4 ចំណែក​ឯ​អ្នក​វិញ អ្នក​ធ្វើ​ឲ្យ​គេ​ឯង លែង​គោរព​កោត​ខ្លាច​អុលឡោះ ហើយ​លែង​ឲ្យ​នរណា​អាច​ស្មឹង‌ស្មាធិ៍ នៅ​ចំពោះ​ទ្រង់​បាន​ទៀត!

5 សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​អ្នក​ស្រដី​ចេញ​មក អ្នក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។

6 មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​អ្នក គឺ​មាត់​របស់​អ្នក​ផ្ទាល់​ថ្កោល​ទោស​អ្នក ហើយ​ពាក្យ​សំដី​របស់​អ្នក​ចោទ​ប្រកាន់​ខ្លួន​ឯង។

7 ក្នុង​ចំណោម​មនុស្ស​ទាំង​អស់ តើ​អ្នក​កើត​មក​មុន​គេ​ឬ តើ​អ្នក​កើត​មក មុន​ភ្នំ​ទាំង‌ឡាយ​ឬ?

8 តើ​អ្នក​បាន​ឮ​គម្រោង‌ការ​របស់​អុលឡោះ ហើយ​មាន​តែ​អ្នក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា?

9 តើ​មាន​ការ​អ្វី​ដែល​អ្នក​ដឹង តែ​យើង​ខ្ញុំ​មិន​ដឹង? តើ​មាន​ការ​អ្វី​ដែល​អ្នក​យល់ តែ​យើង​ខ្ញុំ​មិន​យល់?

10 ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ពួក​អះលី‌ជំអះ ដែល​មាន​វ័យ​ចំណាស់ៗ មាន​អាយុ​វែង​ជាង​ឪពុក​របស់​អ្នក​ទៅ​ទៀត!

11 អុលឡោះ​ឲ្យ​យើង​ខ្ញុំ​មក សំរាល​ទុក្ខ​អ្នក ដោយ​ពាក្យ​សំដី​ទន់‌ភ្លន់ តើ​ប៉ុន​ហ្នឹង​ហើយ អ្នក​យល់​ថា​មិន​ល្មម​ឬ?

12 ហេតុ​អ្វី​បាន​ជា​អ្នក​មាន​ចិត្ត​ពុះ​កញ្ជ្រោល និង​មើល​មក​យើង​ខ្ញុំ​ដោយ​កំហឹង​បែប​នេះ?

13 ធ្វើ​ដូច្នេះ អ្នក​ដូច​ជា​ខឹង​នឹង​អុលឡោះ ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ទ្រង់​ដែរ។

14 តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត?

15 សូម្បី​តែ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ក៏​ទ្រង់​ទុក​ចិត្ត​ពុំ​បាន ហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់​ទៅ​ហើយ

16 ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើម ដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹក នោះ​ទ្រង់​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត!

17 ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​អ្នក ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ

18 គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួល ពី​ដូនតា​របស់​ពួក​គេ ហើយ​យក​មក​ថ្លែង​ប្រាប់ ដោយ​ឥត​លាក់‌លៀម។

19 អុលឡោះ​ប្រទាន​ទឹក​ដី​ឲ្យ ដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូក‌ឡំ ក្នុង​ទឹក​ដី​នោះ​ឡើយ។

20 មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ឃោរ‌ឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។

21 មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុង ត្រចៀក​របស់​គេ មេ​បំផ្លាញ​នឹង​មក​ប្រហារ​គេ ក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។

22 គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។

23 គេ​ត្រេច‌ចរ​ស្វែង​រក​អាហារ គេ​ដឹង​ថា អនាគត​របស់​គេ មាន​តែ​ភាព​ងងឹត​សូន្យ‌សុង។

24 ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះ‌សា ប្រៀប​ដូច​ស្ដេច​មួយ​នាក់​លើក​ទ័ព​មក​ប្រហារ ធ្វើ​ឲ្យ​គេ​ភ័យ​ញាប់‌ញ័រ​ក្រៃ‌លែង

25 ព្រោះ​គេ​បាន​លើក​ដៃ​គំរាម​អុលឡោះ ហើយ​លើក​ខ្លួន​ប្រឆាំង​នឹង អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។

26 គេ​ហ៊ាន​រត់​ទៅ​ប្រឆាំង​ទ្រង់ ទាំង​កាន់​ខែល​ដ៏​ក្រាស់​ទៅ​ជា​មួយ​ផង។

27 មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចំរុង​ចំរើន។

28 គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែក រស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល ជា​ផ្ទះ​ដែល​ជិត​រលំ។

29 ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀត ទ្រព្យ‌សម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិត‌ស្ថេរ គេ​នឹង​មិន​ចំរុង​ចំរើន​នៅ​លើ​ផែនដី​ឡើយ។

30 គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ ភ្លើង​នឹង​ឆាប‌ឆេះ​ពូជ‌ពង្ស​របស់​គេ ហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅ ដោយ‌សារ​កំហឹង​របស់​អុលឡោះ។

31 កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍ បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយ ដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ ទុក​ជា​រង្វាន់។

32 ហេតុ‌ការណ៍​នេះ​នឹង​កើត​មាន​ដល់​គេ មុន​ពេល​ស្លាប់ គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​លែង​មាន​ស្លឹក​ខៀវ​ខ្ចី​ទៀត​ហើយ។

33 គេ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ ពេល​ផ្លែ​នៅ​ខ្ចី ស្រាប់​តែ​ជ្រុះ​ផ្លែ​អស់ ហើយ​ក៏​ដូច​ដើម​អូលីវ ដែល​ជ្រុះ​ផ្កា​អស់​ដែរ។

34 ពូជ​របស់​មនុស្ស​ទមិឡ​នឹង​គ្មាន​កូន ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​ទី​លំ‌នៅ របស់​ជន​ពុក​រលួយ។

35 អ្នក​បង្ក​គម្រោង‌ការ​អាក្រក់ តែងតែ​បង្កើត​ឲ្យ​មាន​ទុក្ខ​វេទនា អ្វីៗ​ដែល​កើត​ចេញ​ពី​គេ ធ្វើ​ឲ្យ​គេ​ខក​ចិត្ត»។

© 2014 United Bible Societies, UK.

United Bible Societies