យ៉ូប 14 - អាល់គីតាបស្ថានភាពដ៏លំបាករបស់មនុស្សលោក 1 មនុស្សដែលកើតពីស្ត្រី រមែងមានអាយុខ្លី ហើយមានពោរពេញដោយទុក្ខកង្វល់។ 2 គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។ 3 ក៏ប៉ុន្តែ ទ្រង់មើលមក មនុស្សលោកដូចខ្ញុំនេះ ហើយទ្រង់នាំខ្ញុំយកទៅកាត់ក្តី! 4 គ្មាននរណាម្នាក់អាចយកអ្វីដ៏វិសុទ្ធ ចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។ 5 ទ្រង់កំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ និងចំនួនខែដែលគេត្រូវរស់ ទ្រង់កំណត់ចុងបញ្ចប់ឲ្យគេ ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។ 6 សូមទ្រង់ងាកមើលចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ 7 ដើមឈើតែងតែមានសង្ឃឹមជានិច្ច ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។ 8 ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី 9 នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ ហើយបែកមែកដូចកូនឈើមួយដែរ។ 10 រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់ គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។ 11 ទឹកសមុទ្រអាចស្រកចុះ ហើយស្ទឹងក៏អាចរីងស្ងួតដែរ 12 រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ គេមិនអាចក្រោកឡើងវិញបានទេ សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។ 13 សូមទ្រង់មេត្តាឲ្យខ្ញុំជ្រក នៅក្នុងផ្នូរខ្មោច សូមលាក់ខ្ញុំនៅទីនោះ រហូតដល់ទ្រង់ស្ងប់កំហឹង ហើយសូមកំណត់ពេលមួយ ដែលទ្រង់នឹកចាំពីខ្ញុំឡើងវិញ។ 14 ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។ 15 ពេលនោះ ទ្រង់ហៅខ្ញុំ ខ្ញុំនឹងឆ្លើយទៅទ្រង់វិញ ហើយទ្រង់មុខជារីករាយនឹងខ្ញុំ ដែលជាស្នាដៃរបស់ទ្រង់។ 16 នៅពេលនោះ ទ្រង់មើលថែទាំជំហាន របស់ខ្ញុំ ហើយមិនគិតគូរពីអំពើបាបរបស់ខ្ញុំទេ។ 17 ទ្រង់នឹងបំភ្លេចចោលនូវកំហុសរបស់ខ្ញុំ ហើយគ្របបាំងអំពើទុច្ចរិតរបស់ខ្ញុំ។ 18 ក៏ប៉ុន្តែ ភ្នំត្រូវរង្គើ រួចរលំ រីឯផ្ទាំងសិលាកក្រើកចេញពីកន្លែងរបស់វា 19 ទឹកធ្វើឲ្យថ្មសឹក ហើយទឹកហូរនាំយកដីទៅយ៉ាងណា ទ្រង់ក៏ធ្វើឲ្យសេចក្ដីសង្ឃឹម របស់មនុស្សលោក រលាយយ៉ាងនោះដែរ។ 20 ទ្រង់មានប្រៀបលើគេជានិច្ច រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ ទ្រង់បំផ្លាស់បំប្រែផ្ទៃមុខរបស់គេ ហើយដេញគេទៅឆ្ងាយពីទ្រង់។ 21 កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹង កូនចៅរបស់គេបាត់បង់កិត្តិយស ក៏គេមិនឃើញដែរ 22 គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយ ហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។ |
© 2014 United Bible Societies, UK.
United Bible Societies