បន្ទូលរបស់អុលឡោះស្ដីអំពីជនជាតិភីលីស្ទីន1 នេះជាបន្ទូលរបស់អុលឡោះតាអាឡាមកកាន់យេរេមា ស្ដីអំពីជនជាតិភីលីស្ទីន មុនពេលស្តេចហ្វៀរ៉អ៊ូនមកវាយក្រុងកាសា។ 2 អុលឡោះតាអាឡាមានបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់ 3 ព្រោះឮស្នូរសន្ធឹកជើងសេះ និងសន្ធឹកកង់រទេះចំបាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ដូចផ្គរលាន់។ ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល មកកូនរបស់ខ្លួនទៀត។ 4 ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច បានមកដល់ហើយ! ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន លែងមាននរណាអាចជួយទៀតឡើយ ដ្បិតអុលឡោះតាអាឡាកំទេចស្រុកភីលីស្ទីន គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។ 5 ក្រុងកាសាគ្មាននៅសល់អ្វីសោះ ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។ អ្នកស្រុកវាលទំនាបដែលនៅសេសសល់អើយ តើអ្នកនៅតែឆូតសាច់របស់ខ្លួន ដល់កាលណាទៀត? 6 អ្នករាល់គ្នាពោលថា “ដាវរបស់អុលឡោះតាអាឡាជាម្ចាស់អើយ ដល់ពេលណាទើបសម្រាក? ចូរចូលទៅក្នុងស្រោមវិញ ហើយសម្រាកឲ្យស្ងៀមទៅ!” 7 បើអុលឡោះតាអាឡាចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ!»។ |
© 2014 United Bible Societies, UK.
United Bible Societies