Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 46 - អាល់គីតាប


សេចក្ដី​ប្រកាស​អំពី​ប្រជា‌ជាតិ​នានា បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ស្រុក​អេស៊ីប

1 នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​យេរេមា ស្ដី​អំពី​ប្រជា‌ជាតិ​ទាំង‌ឡាយ។

2 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ស្តេច​យ៉ូសៀស ស្ដេច​ស្រុក​យូដា ស្តេច​ហ្វៀរ៉‌អ៊ូន‌នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កើកេ‌មីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ស្រុក​អេស៊ីប និង​កង‌ទ័ព​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន‌នេកោ​ដូច​ត​ទៅ៖

3 «ពួក​មេ‌ទ័ព​អេស៊ីប​ស្រែក​ឡើង​ថា: ចូរ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​តូច ឬ​ធំ ចូរ​រៀបចំ​ខ្លួន​ចូល​ច្បាំង!

4 ទ័ព​សេះ​ត្រូវ​ចង​បង្ហៀរ​សេះ ហើយ​ឡើង​ជិះ​ទៅ! ចូរ​តំរៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែក សំលៀង​មុខ​លំពែង ហើយ​ពាក់​អាវ‌ក្រោះ​ទៅ!

5 ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ពួក​គេ ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ? ពួក​គេ​នាំ​គ្នា​ដក​ទ័ព​ថយ ទាហាន​ដ៏​ខ្លាំង​ពូកែ​ត្រូវ​ខ្មាំង​សម្លាប់ ពួក​គេ​បាក់​ទ័ព​រត់ ឥត​បែរ​ក្រោយ​ឡើយ ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

6 អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​បាន​ឡើយ! អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​បាន​ដែរ! នៅ​ទិស​ខាង​ជើង ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។

7 តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់‌ជោរ​ឡើង ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង?

8 គឺ​ស្រុក​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូច ទន្លេ​នីល​ជន់‌ជោរ​ឡើង ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង ដ្បិត​គេ​ពោល​ថា: ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែនដី ខ្ញុំ​នឹង​វាយ​ក្រុង ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​ឲ្យ​វិនាស។

9 ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សំរុក​ទៅ! រទេះ​ចំបាំង ចូរ​សំរុក​ទៅ​មុខ​យ៉ាង​លឿន! ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូ‌ពី ស្រុក​ពូធ ដែល​ជា​អ្នក​កាន់​ខែល និង​ទាហាន​ពី​ស្រុក​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញ ចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!

10 ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​គូរបាន នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។

11 ជន‌ជាតិ​អេស៊ីប​អើយ ចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹត ទើប​បាន​ធូរ​ស្បើយ! តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេ ព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្ដិ‌សិទ្ធិ ជួយ​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​បាន​ឡើយ។

12 ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ ព្រោះ​សំរែក​របស់​អ្នក លាន់​ឮ​ពាស‌ពេញ​លើ​ផែនដី។ ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា ដួល​ស្លាប់​ទាំង​ពីរ​នាក់»។

13 នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​ប្រាប់​ណាពី​យេរេមា​អំពី​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ត្រូវ​ទៅ​វាយ​ស្រុក​អេស៊ីប៖

14 «ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីប ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​មីគដូល ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​ណូប និង​ក្រុង​តាផា‌ណែស! ត្រូវ​ពោល​ថា ចូរ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅ ដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំ‌វិញ​អ្នក​ហើយ!

15 ហេតុ​អ្វី​បាន​ជា​ព្រះ​គោដ៏​ខ្លាំង​ពូកែ​របស់​អ្នក បែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ? នៅ​ពេលអុលឡោះ‌តាអាឡា​ផ្ដួល​រំលំ ពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។

16 ទ្រង់​ក៏​បាន​ផ្ដួល​ទាហាន​មួយ​ចំនួន​ធំ​ដែរ ពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថា ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើង វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​យើង​វិញ ដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។

17 នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។

18 ស្តេច​ដែល​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល ដោយ​យក​ភាព​នៅ​អស់‌កល្ប​របស់ ទ្រង់​ជា​សាក្សី​ថា៖ «តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ ហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។

19 ប្រជា‌ជន​ស្រុក​អេស៊ីប​អើយ ចូរ​វេច​បង្វេច​ទៅ ដ្បិត​ខ្មាំង​នឹង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ។ ក្រុង​ណូប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ដែល​ឆេះ​ខ្ទេច‌ខ្ទី គ្មាន​នរណា​រស់​នៅ។

20 ស្រុក​អេស៊ីប​ប្រៀប​បាន​នឹង​គោ​ញី​ស្ទាវ​ដ៏​ស្អាត តែ​នឹង​មាន​មូស​ដ៏​សាហាវ ពី​ទិស​ខាង​ជើង​មក​ខាំ។

21 ពួក​ទាហាន​ដែល​ស្រុក​អេស៊ីប​ជួល​មក​ច្បាំង ឲ្យ​ពួក​គេ សុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉ន តែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរ គេ​រត់​ទាំង​អស់​គ្នា គ្មាន​នរណា​ស៊ូ‌ទ្រាំ​បាន​ទេ ដ្បិត​ថ្ងៃ​មហន្ត‌រាយ គឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេ បាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។

22 ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ កង‌ទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ យ៉ាង​ស្ងៀម‌ស្ងាត់ ដូច​ពស់​ដែល​កំពុង​លូន។ សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។

23 ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើ ទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ ដ្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ឥត​គណនា គឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

24 ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ត្រូវ​អាម៉ាស់ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា‌ជន ដែល​មក​ពី​ទិស​ខាង​ជើង»។

25 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូ ព្រម​ទាំង​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប គឺ​យើង​ដាក់​ទោស​ព្រះ និង​ស្ដេច​ស្រុក​អេស៊ីប យើង​ដាក់​ទោស​ហ្វៀរ៉‌អ៊ូន និង​អស់​អ្នក​ដែល ផ្ញើ​ជីវិត​លើ​ស្ដេច​នេះ។

26 យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

27 កូន​ចៅ​យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! កូន​ចៅ​អ៊ីស្រ‌អែល​អើយ កុំ​អស់​សង្ឃឹម! យើង​នឹង​សង្គ្រោះ​អ្នក​ឲ្យ​វិល​ត្រឡប់ មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ យើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។ កូន​ចៅ​យ៉ាកកូប​នឹង​វិល​មក​វិញ គេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេម‌ក្សាន្ត គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។

28 កូន​ចៅ​យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានា ដែល​យើង​បាន​កំចាត់‌កំចាយ​អ្នក ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។ យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌ យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា គ្មាន​ទោស​បាន​ទេ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម