បន្ទូលរបស់អុលឡោះស្ដីបន្ទោសជនជាតិយូដាដែលភៀសខ្លួនទៅស្រុកអេស៊ីប1 អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ស្ដីអំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងតាផាណែស ក្រុងណូប និងនៅស្រុកប៉ាត្រូស ដូចតទៅ: 2 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។ 3 ហេតុការណ៍ទាំងនេះកើតមានមកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។ 4 យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកណាពី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។ 5 ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។ 6 កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកំទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។ 7 ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល និងជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ? 8 អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។ 9 តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្ដេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និងនៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ? 10 រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមហ៊ូកុំ និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។ 11 ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ 12 យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។ 13 យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។ 14 ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្ដី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។ 15 អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅយេរេមាវិញថា៖ 16 «ទោះបីអ្នកមានប្រសាសន៍មកយើងក្នុងនាមអុលឡោះតាអាឡាក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់អ្នកដែរ។ 17 យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅសូរ៉កាដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។ 18 ប៉ុន្តែ តាំងពីយើងឈប់ដុតគ្រឿងក្រអូប និងឈប់ច្រួចស្រាសែនម្ចាស់ក្សត្រីនៅសូរ៉កា យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស»។ 19 ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាជូនម្ចាស់ក្សត្រីនៅសូរ៉កានោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំជូនព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។ 20 ពេលនោះ យេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុស ទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកគាត់ថា៖ 21 «គ្រឿងក្រអូបដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា ព្រមទាំងស្ដេច មន្ត្រី និងអ្នកស្រុក បានដុតតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម អុលឡោះតាអាឡាក៏បានឃើញ និងចងចាំជានិច្ចដែរ។ 22 អុលឡោះតាអាឡាពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។ 23 ទុក្ខលំបាកដែលកើតមានដល់អ្នករាល់គ្នាដូចសព្វថ្ងៃ មកពីអ្នករាល់គ្នាដុតគ្រឿងក្រអូប និងប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡា គឺអ្នករាល់គ្នាមិនព្រមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា មិនប្រតិបត្តិតាមហ៊ូកុំ ច្បាប់ និងដំបូន្មានរបស់ទ្រង់»។ 24 យេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! 25 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នាបាននិយាយ ហើយធ្វើតាមពាក្យរបស់ខ្លួនភ្លាម គឺអ្នករាល់គ្នានិយាយថា “យើងចង់ធ្វើតាមពាក្យដែលយើងបន់ស្រន់ ដោយដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅសូរ៉កា”។ ដូច្នេះ ចូរអ្នករាល់គ្នាគោរព និងធ្វើតាមពាក្យដែលខ្លួនបន់ស្រន់នោះទៅ!»។ 26 ហេតុនេះ ជនជាតិយូដាទាំងអស់ ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្ដមរបស់យើងផ្ទាល់ថា: យើងលែងឲ្យជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីបយកឈ្មោះយើងមកស្បថ ដោយពោលថា “អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប”ទៀតហើយ!។ 27 យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្ដល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។ 28 មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវនឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះ ជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នកដែលមករស់នៅស្រុកអេស៊ីបនេះ មុខជាដឹងថា ពាក្យរបស់នរណាបានសម្រេចជារូបរាង តើពាក្យរបស់យើង ឬពាក្យរបស់ពួកគេ»។ 29 អុលឡោះតាអាឡាមានបន្ទូលទៀតថា យើងនឹងផ្ដល់ទីសំគាល់មួយឲ្យអ្នករាល់គ្នាដឹងថា យើងដាក់ទោសអ្នករាល់គ្នាឲ្យរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន 30 គឺយើងនឹងប្រគល់ផារ៉ោនហូប្រា ជាស្ដេចស្រុកអេស៊ីប ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតស្ដេចនេះ ដូចយើងបានប្រគល់សេដេគា ជាស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាសត្រូវដែលចង់ប្រហារជីវិតសេដេគាយ៉ាងនោះដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies