ឧទុម្ពរពីរល្អី1 ក្រោយពេលដែលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន កៀរស្តេចយេកូនាស ជាបុត្ររបស់ស្តេចយេហូយ៉ាគីម ស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជនជាតិយូដា ពួកជាងឈើ និងជាងដែក ពីក្រុងយេរូសាឡឹមយកទៅក្រុងបាប៊ីឡូន អុលឡោះតាអាឡាបានបង្ហាញឲ្យខ្ញុំឃើញឧទុម្ពរពីរល្អី ដែលគេដាក់នៅខាងមុខម៉ាស្ជិទរបស់អុលឡោះតាអាឡា។ 2 ល្អីមួយមានដាក់ផ្លែឧទុម្ពរល្អៗ ដូចផ្លែដែលគេបេះនៅដើមរដូវ ល្អីមួយទៀតមានសុទ្ធតែផ្លែឧទុម្ពរស្អុយ ដែលពុំអាចបរិភោគបានឡើយ។ 3 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំជម្រាបទ្រង់វិញថា៖ «ខ្ញុំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។ 4 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 5 «អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា: មនុស្សម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជនជាតិយូដាដែលយើងបានបណ្ដេញចេញពីទីនេះ ឲ្យគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។ 6 យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។ 7 យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីឲ្យគេអាចស្គាល់ថា យើងជាអុលឡោះតាអាឡា។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង យើងធ្វើជាម្ចាស់របស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។ 8 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងប្រព្រឹត្តចំពោះសេដេគា ជាស្ដេចស្រុកយូដា ពួកមន្ត្រី និងអ្នកក្រុងយេរូសាឡឹមដែលនៅសេសសល់ ហើយរស់នៅក្នុងស្រុកនេះ ព្រមទាំងអ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចមនុស្សបោះចោលផ្លែឧទុម្ពរស្អុយ ពុំអាចបរិភោគបានយ៉ាងនោះដែរ។ 9 យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។ 10 យើងនឹងធ្វើឲ្យពួកគេវិនាសដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតដល់ពួកគេបាត់សូន្យពីទឹកដី ដែលយើងប្រគល់ឲ្យពួកគេ និងដូនតារបស់ពួកគេ»។ |
© 2014 United Bible Societies, UK.
United Bible Societies