ណាពីយេរេមានៅឯកោ1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 2 «អ្នកមិនត្រូវយកភរិយា ហើយបង្កើតកូនប្រុសស្រីនៅក្នុងស្រុកនេះឡើយ 3 ដ្បិតយើងប្រកាសដំណឹងអំពីក្មេងប្រុសស្រីដែលនឹងកើតនៅស្រុកនេះ ហើយអំពីឪពុកម្ដាយដែលបង្កើតពួកគេថា: 4 គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។ 5 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាឲ្យសោះ ដ្បិតយើងដកសេចក្ដីសុខ សេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តារបស់យើងចេញពីប្រជារាស្ត្រនេះហើយ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 6 អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ ទាំងអ្នកតូច ដោយគ្មាននរណាបញ្ចុះសព និងយំសោក ហើយគ្មាននរណាឆូតសាច់ ឬកោរសក់កាន់ទុក្ខទេ។ 7 គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្ដាយដែរ។ 8 កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ 9 ដ្បិតយើងដែលជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល នឹងធ្វើឲ្យលែងមានសំរែកក្អាកក្អាយ ព្រមទាំងចំរៀងរបាំដ៏សប្បាយ និងបទចំរៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទៀតហើយ។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែកនៅទីនេះ។ 10 ពេលអ្នកនាំពាក្យទាំងនេះទៅប្រកាសប្រាប់ប្រជាជន ពួកគេមុខជាសួរថា “ហេតុអ្វីបានជាអុលឡោះតាអាឡាចង់ដាក់ទោសពួកយើងយ៉ាងធ្ងន់ធ្ងរបែបនេះ តើពួកយើងធ្វើអ្វីខុស? តើពួកយើងប្រព្រឹត្តអំពើបាបណាមួយទាស់នឹងបំណងអុលឡោះតាអាឡា ជាម្ចាស់នៃយើង?” 11 ត្រូវឆ្លើយទៅពួកគេវិញ ដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមហ៊ូកុំរបស់យើងទេ។ 12 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ជាងដូនតារបស់អ្នករាល់គ្នាទៅទៀត គឺម្នាក់ៗនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ឥតស្ដាប់យើងឡើយ។ 13 ហេតុនេះហើយបានជាយើងដេញអ្នករាល់គ្នាចេញពីស្រុកនេះ ទៅស្រុកមួយដែលអ្នករាល់គ្នាមិនស្គាល់ ហើយដូនតារបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។ នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ទាំងថ្ងៃទាំងយប់ យើងនឹងមិនអាណិតអាសូរអ្នករាល់គ្នាទៀតឡើយ»។ មាតុភូមិនិវត្តន៍14 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងនាម “អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប ដែលបាននាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប” ទៀតហើយ 15 ផ្ទុយទៅវិញ គេនឹងស្បថក្នុងនាម “អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប ដែលបាននាំជនជាតិអ៊ីស្រអែលចេញមកពីស្រុកខាងជើង និងស្រុកឯទៀតៗដែលទ្រង់បានកំចាត់កំចាយពួកគេឲ្យទៅ” យើងនឹងនាំពួកគេឲ្យវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ គឺទឹកដីដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់ពួកគេ»។ ទោសរបស់ជនទុច្ចរិត16 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។ 17 យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។ 18 មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។ មនុស្សគ្រប់គ្នានឹងទទួលស្គាល់ម្ចាស់ដ៏ពិតប្រាកដ19 ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ! 20 តើមនុស្សលោកដែលមិនមែនជាម្ចាស់ អាចបង្កើតម្ចាស់របស់ខ្លួនដូចម្ដេចបាន?” 21 «ដូច្នេះ នៅលើកនេះ យើងនឹងធ្វើឲ្យពួកគេ ស្គាល់អំណាច និងបារមីរបស់យើង ហើយគេនឹងទទួលស្គាល់ថា យើងពិតជា អុលឡោះតាអាឡាមែន!»។ |
© 2014 United Bible Societies, UK.
United Bible Societies