អុលឡោះនិងព្រះក្លែងក្លាយ1 ជនជាតិអ៊ីស្រអែលអើយ ចូរនាំគ្នាស្ដាប់សេចក្ដីដែល អុលឡោះតាអាឡាមានបន្ទូលមកកាន់អ្នករាល់គ្នា! 2 អុលឡោះតាអាឡាមានបន្ទូលថា៖ «មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយ ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសំគាល់ ផ្សេងៗនៅលើមេឃ ដូចប្រជាជាតិទាំងឡាយដែរ។ 3 ជំនឿសាសនារបស់សាសន៍នានា សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប 4 រួចគេយកប្រាក់ និងមាសស្រោបពីលើ។ បន្ទាប់មក គេយកដែកគោល និងញញួរ មកដំភ្ជិតរូបនោះកុំឲ្យរង្គើ។ 5 ព្រះទាំងនោះមិនចេះនិយាយទេ គឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ ព្រះទាំងនោះមិនចេះដើរឡើយ ទៅណាមកណា ត្រូវតែមានអ្នកលីសែង។ កុំខ្លាចព្រះទាំងនោះអី ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។ 6 ឱអុលឡោះតាអាឡាជាម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ទ្រង់បានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ហើយនាមទ្រង់ក៏ឧត្ដុង្គឧត្ដមដែរ ព្រោះទ្រង់ប្រកបដោយអំណាច។ 7 មនុស្សទាំងអស់ត្រូវតែកោតខ្លាចទ្រង់ ដ្បិតទ្រង់ជាស្តេច របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងទ្រង់បានឡើយ។ 8 ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ 9 ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីស និងយកមាសពីស្រុកអ៊ូផាស ហើយឲ្យជាងទង និងជាងចម្លាក់ យកមាសប្រាក់នោះស្រោបពីលើរូបបដិមា រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ មកពាក់ឲ្យផង។ រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។ 10 រីឯអុលឡោះតាអាឡាវិញ ទ្រង់ជាម្ចាស់នៃសេចក្ដីពិត ទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ជាស្តេចដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលទ្រង់សំដែងកំហឹង នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់បានទេ។ 11 ចូរប្រាប់ពួកគេថា ព្រះទាំងឡាយ ដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។ 12 រីឯអុលឡោះវិញ ទ្រង់បានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។ 13 ពេលទ្រង់បន្លឺសំឡេង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ 14 ពេលឃើញស្នាដៃរបស់ទ្រង់ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។ 15 ព្រះទាំងនោះឥតបានការអ្វីសោះ ជាវត្ថុគួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលអុលឡោះដាក់ទោស។ 16 រីឯអុលឡោះជាម្ចាស់របស់យ៉ាកកូបវិញមិនដូច្នោះទេ ទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់បានជ្រើសរើសអ៊ីស្រអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ មហន្តរាយដ៏ទាន់ហន់17 យេរូសាឡឹមអើយ សត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ! ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក! 18 ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ «ពេលនេះ យើងនឹងលើកអ្នកស្រុកនេះ គ្រវែងចោលឲ្យឆ្ងាយពីទឹកដី យើងនឹងដេញពួកគេយ៉ាងប្រកិត មិនឲ្យពួកគេរត់រួចឡើយ»។ 19 ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ! ដំបៅរបស់ខ្ញុំមើលមិនជាទេ! ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែន តែខ្ញុំអាចស៊ូទ្រាំបាន! 20 ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់ រីឯខ្សែចងជំរំក៏ដាច់អស់ដែរ កូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយ គ្មាននរណាជួយដំឡើងជំរំ និងជួយធ្វើជំរកឲ្យខ្ញុំសាជាថ្មីឡើយ។ 21 នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ ពួកគេមិនបានស្វែងរកអុលឡោះតាអាឡាទេ ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។ 22 ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេង លាន់ឮឡើងពីទិសខាងជើង ដើម្បីមកកំទេចក្រុងទាំងឡាយនៃស្រុកយូដា ឲ្យក្លាយទៅជាទីស្មសាន ជាជំរករបស់ឆ្កែព្រៃ។ 23 ឱអុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំយល់ឃើញថា មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ កិរិយាមារយាទរបស់ខ្លួនបានទេ ក្នុងដំណើរជីវិត គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។ 24 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកែតម្រង់ខ្ញុំផង! សូមកែតម្រង់ខ្ញុំ ដោយអធ្យាស្រ័យ គឺកុំប្រើកំហឹងឡើយ ក្រែងលោខ្ញុំត្រូវវិនាសសូន្យទៅ។ 25 សូមបំបែរកំហឹងរបស់ទ្រង់ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ទ្រង់ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ នាមរបស់ទ្រង់! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់យ៉ាកកូប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។ |
© 2014 United Bible Societies, UK.
United Bible Societies