សូមថែរក្សាជីវិតខ្ញុំផង!ពាក្យទូរអារបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ សូមស្តាប់ខ្ញុំ ហើយឆ្លើយតបមកខ្ញុំវិញផង ដ្បិតខ្ញុំជាមនុស្សកំសត់ទុគ៌ត! 2 សូមរក្សាការពារជីវិតខ្ញុំផង ដ្បិតខ្ញុំមានចិត្តស្មោះត្រង់ចំពោះទ្រង់ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះអ្នកបម្រើរបស់ទ្រង់ ដែលបានផ្ញើជីវិតលើទ្រង់នេះផង! 3 ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំ ដ្បិតខ្ញុំស្រែកអង្វររកទ្រង់ពេញមួយថ្ងៃ។ 4 សូមប្រោសអ្នកបម្រើរបស់ទ្រង់ ឲ្យមានអំណរសប្បាយ អុលឡោះតាអាឡាអើយ ខ្ញុំផ្ចង់ចិត្តគំនិតទៅរកទ្រង់ 5 ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលប្រកបដោយចិត្តសប្បុរស និងចេះអត់អោនឲ្យយើងខ្ញុំ ទ្រង់មានចិត្តមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកទ្រង់។ 6 ឱអុលឡោះតាអាឡាអើយ សូមមេត្តា ស្ដាប់ពាក្យទូរអារបស់ខ្ញុំ សូមយកចិត្តទុកដាក់ នឹងពាក្យសូមអង្វររបស់ខ្ញុំផង។ 7 នៅថ្ងៃមានអាសន្ន ខ្ញុំអង្វររកទ្រង់ ដ្បិតទ្រង់ឆ្លើយតបមកខ្ញុំ។ 8 ឱអុលឡោះតាអាឡាអើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចទ្រង់ទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចទ្រង់ឡើយ។ 9 អុលឡោះតាអាឡាអើយ ប្រជាជាតិទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ហើយលើកតម្កើងសិរីរុងរឿងនាមទ្រង់។ 10 ដ្បិតអុលឡោះដ៏ឧត្តុង្គឧត្ដម ទ្រង់ធ្វើការអស្ចារ្យ មានតែទ្រង់ប៉ុណ្ណោះដែលជាម្ចាស់។ 11 អុលឡោះតាអាឡាអើយ សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ ខ្ញុំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចនាមទ្រង់។ 12 ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ខ្ញុំលើកតម្កើងទ្រង់យ៉ាងអស់ពីចិត្ត ខ្ញុំនឹងលើកតម្កើងសិរីរុងរឿង នាមរបស់ទ្រង់រហូតតទៅ 13 ដ្បិតទ្រង់មានចិត្តមេត្តាករុណា ចំពោះខ្ញុំខ្លាំងណាស់ ទ្រង់បានរំដោះជីវិតខ្ញុំ ឲ្យរួចផុតពីមច្ចុរាជ។ 14 ឱអុលឡោះអើយ មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងខ្ញុំ មនុស្សឃោរឃៅមួយពួកចង់ដកជីវិតខ្ញុំ អ្នកទាំងនោះមិនរវីរវល់នឹងទ្រង់ទេ។ 15 អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់អត់ធ្មត់ ហើយពោរពេញទៅដោយ មេត្តាករុណាដ៏ស្មោះស្ម័គ្រ។ 16 សូមបែរមកមើលខ្ញុំ សូមប្រណីសន្ដោសខ្ញុំ សូមប្រទានកម្លាំងមកខ្ញុំ ហើយសង្គ្រោះខ្ញុំ ដែលជាខ្ញុំបម្រើរបស់ទ្រង់ផង!។ 17 សូមសំដែងទីសំគាល់ដ៏អស្ចារ្យមួយ ចំពោះខ្ញុំ ដើម្បីឲ្យអស់អ្នកដែលស្អប់ខ្ញុំ ឃើញ ហើយត្រូវអាម៉ាស់។ ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេដែលជួយសង្គ្រោះ និងសំរាលទុក្ខខ្ញុំ។ |
© 2014 United Bible Societies, UK.
United Bible Societies