ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 83 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 83

ឱ​អុលឡោះ​អើយ សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ!
គីតាបសាបូរ​របស់​លោក​អេសាភ។

1 ឱ​អុលឡោះ​អើយ សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ! ឱ​អុលឡោះ​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ ឥត​កំរើក​ដូច្នេះ!

2 ដ្បិត​ខ្មាំង​សត្រូវ​របស់​ទ្រង់ កំពុង​តែ​ធ្វើ​សកម្ម‌ភាព អស់​អ្នក​ដែល​ស្អប់​ទ្រង់ កំពុង​តែ​នាំ​គ្នា​បះ‌បោរ។

3 ពួក​គេ​រៀបចំ​គម្រោង‌ការ​ប្រឆាំង នឹង​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់។

4 ពួក​គេ​ពោល​ថា “តោ៎ះ! យើង​នាំ​គ្នា​ទៅ​ប្រហារ ជាតិ​សាសន៍​នោះ​ឲ្យ​រលាយ​សូន្យ ដើម្បី​កុំ​ឲ្យ​នរណា​នឹក​ឃើញ ឈ្មោះ​អ៊ីស្រ‌អែល​ទៀត!”។

5 ពួក​គេ​ពិភាក្សា​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ គេ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​គ្នា​ប្រឆាំង​នឹង​ទ្រង់

6 គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​អ៊ីស្មា‌អែល ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​ហា‌ការេន

7 ជន‌ជាតិ​កេបាល ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​អាម៉ា‌ឡេក ជន‌ជាតិ​ភីលី‌ស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស

8 ហើយ​សូម្បី​តែ​ជន‌ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរ គឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ ពូជ‌ពង្ស​របស់​លោក​ឡុត។ - សម្រាក

9 សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​ម៉ាឌាន លោក​ស៊ី‌សេរ៉ា និង​ស្ដេច​យ៉ាប៊ីន នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ!

10 ទ្រង់​បាន​ប្រហារ​ពួក​គេ ឲ្យ​វិនាស​នៅ​អេន-‌ដោរ ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។

11 សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ទ្រង់​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ទ្រង់​បាន​ដាក់​ទោស​សេបា និង​សាល់‌មូណា​ដែរ

12 ដ្បិត​ពួក​គេ​បាន​និយាយ​ថា “យើង​នាំ​គ្នា​វាយ​ដណ្ដើម​យក ទឹក​ដី​របស់​អុលឡោះ​!”។

13 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​កួច ឬ​ដូច​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់​យក​ទៅ។

14 ភ្លើង​ឆាប‌ឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ភ្នំ​យ៉ាង​ណា

15 សូម​ប្រើ​ខ្យល់​ព្យុះ​របស់​ទ្រង់​ដេញ​តាម​ពួក​គេ និង​ប្រើ​ព្យុះ​សង្ឃរា​របស់​ទ្រង់ ធ្វើ​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​នោះ​ដែរ។

16 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ ដើម្បី​ឲ្យ​គេ​ស្វែង​រក​នាម​របស់​ទ្រង់។

17 សូម​ឲ្យ​ពួក​គេ​បាក់​មុខ បាក់‌ស្បាត​រហូត​ត​ទៅ សូម​ឲ្យ​ពួក​គេ​ងើប​មុខ​មិន​រួច ហើយ​វិនាស​សូន្យ​ទៅ!

18 សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​អុលឡោះ‌តាអាឡា ទ្រង់​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។

© 2014 United Bible Societies, UK.

United Bible Societies